ប្រទះឃើញសាកសពមនុស្សកៀបជាប់ក្នុងកន្លែងដាក់កង់យន្តហោះនៅអាមេរិក
បរទេស៖ សាកសពមនុស្សម្នាក់ ត្រូវបានគេឃើញ ជាប់នៅក្នុងទីតាំងដាក់កង់របស់យន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines អំឡុងពេលចុះចត នៅអាកាសយាដ្ឋាន ស្ថិតក្នុងរដ្ឋរដ្ឋហាវ៉ៃ នេះបើតាមក្រុមហ៊ុនអាកាសចរណ៍ បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សាកសពត្រូវបានរកឃើញ នៅលើយន្តហោះ Boeing 787-10 ជើងហោះហើរ UA202 កាលពីរសៀលថ្ងៃអង្គារ។ ប្រភពថា ជាទូទៅ
កន្លែងដាក់កង់យន្តហោះ ឬ Wheel Well គឺអាចចូលបាន ពីខាងក្រៅយន្តហោះប៉ុណ្ណោះ ដូច្នេះ គេមិនទាន់ច្បាស់ថា តើមនុស្សម្នាក់នោះ ចូលទៅ បានដោយរបៀបណា ឬ នៅពេលណា នោះទេ។ ក្រុមហ៊ុនកំពុងធ្វើការជាមួយអាជ្ញាធរ ដើម្បីបើកការស៊ើបអង្កេត។ ប៉ូលីសមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់ CNN សម្រាប់ព័ត៌មាន បន្ថែមទេ។
យ៉ាងណាក៏ដោយ ការលាក់ខ្លួននៅក្នុងបន្ទប់តូចដាក់កង់របស់យន្តហោះបែបនេះ គឺជាវិធីសាស្រ្តសាមញ្ញបំផុត ដែលត្រូវបានអនុវត្ត ដោយក្រុមអ្នកលួចជិះយន្តហោះ ឬ ក្រុម Stowway។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា ជាង៧៧% នៃមនុស្សដែលបានប៉ុនប៉ងជិះយន្តហោះខុសច្បាប់ បានបាត់បង់ជីវិត ព្រោះថា នៅពេលហោះឡើងដល់កម្ពស់ខ្ពស់ កម្រិតអុកស៊ីហ្សែនមានកម្រិតទាបខ្លាំង ហើយ សីតុណ្ហភាពនៅខាងក្រៅ យន្តហោះអាចធ្លាក់ចុះយ៉ាងខ្លាំង មិនអំណោយផល ដល់លំហូរឈាម។
យ៉ាងណាក៏ដោយ មនុស្សម្នាក់ត្រូវបានគេរកឃើញនៅរស់រានមានជីវិត នៅក្នុងផ្នែកខាងក្រោមយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អាល់ហ្សេរី ចុះចតនៅប្រទេសបារាំង កាលពីឆ្នាំមុន។ កាលពីខែមករា ឆ្នាំ២០២២ អ្នកលួចជិះយន្តហោះម្នាក់ ត្រូវបានគេរកឃើញនៅមានជីវិតផងដែរ នៅក្នុងផ្នែកកង់ នៅក្រោមផ្នែកខាងមុខនៃយន្តហោះដឹកទំនិញ Cargolux នៅប្រទេសហូឡង់ នេះបើតាម ទីភ្នាក់ងារព័ត៌មាន CNA៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត