ក្រុមហ៊ុនរ៉ីបផល កំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗ វិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ

(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ីបផល កំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗ នៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីក ការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ។ នេះជាការលើកឡើង របស់ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ក្នុងឱកាសដឹកនាំភរិយា លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយ ចំពោះ លោក Chris Larsen និងក្រុមគ្រួសារ ដែលបានមកលេង និងស្នាក់នៅភ្នំពេញ។ សម្តេចតេជោ បានបញ្ជាក់ថា ជំនួបនេះ គឺជាជំនួបលក្ខណៈគ្រួសារ ពីព្រោះភរិយា របស់លោក គឺលោកស្រី Lyna Lam មានដើមកំណើតខ្មែរ និងកាន់ព្រះពុទ្ធសាសនាដូច សម្តេច ដែរ ។

សម្តេច បានកោតសរសើរចំពោះ លោកស្រី ដែលបានពុះពារតស៊ូជំនះឧសគ្គជាច្រើន រហូតបានទៅរស់នៅសហរដ្ឋអាមេរិក (ស.រ.អា) ក្នុងកាលៈទេសៈដែលកម្ពុជា ទើបចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។

លោក Chris Larsen បានគោរព ថ្លែងអំណរគុណ សម្តេចតេជោ ដែលបានទទួលជួបរូបលោក និងក្រុមគ្រួសារ និងបានមើលឃើញផ្ទាល់អំពីភាពរីកចម្រើន និងការអភវិឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ជាពិសេសសេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះកើនឡើងជាលំដាប់ ។

លោក Chris Larsen បានបញ្ជាក់បន្ថែមថា លោកនិងក្រុមគ្រួសារនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេស ក្នុងសករាជនៃរដ្ឋបាលថ្មីរបស់ ប្រធានាធិបតី Donald Trump តាមរយៈទំនាក់ទំនងធុរកិច្ច ។

ទន្ទឹមនឹងគ្នានេះ លោកស្រី Lyna Lam បានជម្រាបជូន សម្តេចតេជោ ថា ក្នុងនាមជាជនជាតិខ្មែរ លោកស្រី និងក្រុមគ្រសារ បានមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយលោកស្រីបាននិងកំពុងជំរុញការថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងមរតកដូនតាខ្មែរដ៏ល្អផូរផង់សម្បូរបែប តាមរយៈមូលនិធិព្រះពុទ្ធសាសនាខ្មែររបស់លោកស្រីនៅសហរដ្ឋអាមេរិក។

លោកស្រី Lyna Lam បានជម្រាបជូន សម្តេចតេជោ អំពីគំនិតផ្តួចផ្តើមរបស់លោកស្រី និងក្រុមគ្រួសារ ក្នុងការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយៈការកសាងវត្តធំជាងគេមួយកន្លែងនៅសហរដ្ឋអាមេរិក ទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា។ គោលបំណងសំខាន់នៃការសាងសង់វត្តនេះ គឺសម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមដល់សហគមន៍ខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា, សម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ, សម្រាប់កម្មវិធីផ្លាស់ប្តូរព្រះសង្ឃ ជាពិសេសព្រះសង្ឃនិមន្តមកពីកម្ពុជា និងសម្រាប់ដាក់តម្កល់និងថែរក្សាឯកសារពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីខ្មែរ ។

សម្តេចតេជោ សម្តេចបន្តថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ អាមេរិក ជាពិសេស ការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។

សម្តេចតេជោ បានបន្តថា សម្តេចមានក្តីរីករាយ និងគាំទ្រ លោក Chris Larsen ចំពោះការស្វែងរកនូវកាលានុវត្តភាពថ្មីៗក្នុងការនាំចេញនូវបន្ទះសូឡាពីកម្ពុជាទៅសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា កម្ពុជាមិនមានគោលនយោបាយស្តីពីឧបត្ថម្ភធនដល់សហគ្រាសឯកជន សម្រាប់ការផលិតនំាចេញនោះទេ ដែលវាពិតជាផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។

សម្តេច បានសម្តែងការគាំទ្រផងដែរដល់ លោក Chris Larsen ដែលបានបង្ហាញពីបំណង ក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង ស.រ.អា តាមរយៈវិស័យធុរកិច្ច ដោយបាន គូសបញ្ជាក់ថា កម្ពុជាតែងតែត្រូវការ និង ស្វាគមន៍ជានិច្ច វិនិយោគិនពីស.រ.អា។ សម្តេច បានថ្លែងអំណរគុណ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់លោកស្រី Lyna Lam ទោះបីរស់នៅសហរដ្ឋអាមេរិក យូរយ៉ាងណាក្តី។

សម្តេចតេជោ បានបន្ថែមថា សម្តេចពិតជារីករាយ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់លោកស្រី និងក្រុមគ្រួសារ ក្នុងការថែរក្សាអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដើមដ៏ចំណាស់របស់យើង ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់បងប្អូនខ្មែរយើង ទោះបីយើងរស់នៅទីណាកន្លែងណាក៏ដោយ យើងរួមគ្នា និងជួយគ្នា ក្នុងនាមជាជនជាតិខ្មែរតែមួយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner