នាយករដ្ឋមន្ត្រីថៃទៅស្ថានីយឡានក្រុង ដោយមិនប្រាប់មុន

បាងកក ៖ កាសែត The Nation បានចេញផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើទស្សនកិច្ច ដោយមិនប្រកាសឲ្យដឹងមុន ទៅកាន់ស្ថានីយរថយន្តក្រុងបាងកក ដែលត្រូវបានគេស្គាល់ជាទូទៅថា Mo Chit 2 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីវាយតម្លៃ ពីការត្រៀមខ្លួនរបស់ស្ថានីយ សម្រាប់ការកើនឡើងនៃចរាចរណ៍ ពីសំណាក់អ្នកដំណើរ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ ឆ្លងឆ្នាំថ្មី។

យោងតាមរដ្ឋាភិបាល ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Paetongtarn បានជំរុញដល់ទីភ្នាក់ងារពាក់ព័ន្ធ ឱ្យផ្តល់អាទិភាពដល់សុវត្ថិភាពអ្នកដំណើរ ដោយធានាថា អ្នកបើកបររថយន្តក្រុង គ្មានគ្រឿងញៀន ឬ គ្រឿងស្រវឹង ពេលបំពេញកាតព្វកិច្ច នេះបើតាមប្រភពដដែល។

លោកស្រីបានស្នើឱ្យមានអ្នកបើកបរពីរនាក់ ក្នុងឡានក្រុងមួយគ្រឿង ដើម្បីឆ្លាស់គ្នា ក្នុងអំឡុងពេលធ្វើដំណើរឆ្ងាយ កាត់បន្ថយហានិភ័យ នៃការបើកបរងងុយដេក។
នាយករដ្ឋមន្ត្រីបានណែនាំមន្ត្រី ដាក់ពង្រាយចំនួនរថយន្តក្រុង ឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រួលដល់កំណើនអ្នកដំណើរ ក្នុងថ្ងៃឈប់សម្រាក ចុងសប្តាហ៍។

យោងតាមក្រុមហ៊ុន The Transport Company Ltd ចំណុះក្រោមក្រសួងដឹកជញ្ជូនថៃ មានការព្យាករថា រថយន្តក្រុងបាងកក Mo Chit 2 នឹងផ្ទុកអ្នកដំណើរចន្លោះពី៧៥,០០០នាក់ ទៅ១២ម៉ឺននាក់ ដែលធ្វើដំណើរទៅកាន់ខេត្តផ្សេងទៀត ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នាពេលខាងមុខនេះ នេះបើតាម The Nation ដដែល៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner