ប្រទះឃើញសាកសពស្ត្រីនិងកុមារអ៊ីរ៉ាក់១០០នាក់កប់ក្នុងដី
បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរអ៊ីរ៉ាក់ទើបតែបានរកឃើញសាកសពស្ត្រី និងកុមារជនជាតិឃឺដ ប្រហែល ១០០នាក់ នៅក្នុងផ្លូរដ៏ធំមួយ ដែលគេគិតថា ត្រូវបានសម្លាប់ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោមការដឹកនាំរបស់អតីតមេដឹកនាំអ៊ីរ៉ាក់ លោក Saddam Hussein ។
អ្នកកាសែត AFP ម្នាក់ បាននិយាយថា ផ្នូរនេះត្រូវបានរកឃើញ នៅតំបន់ Tal al-Shaikhia ក្នុងខេត្ត Muthanna ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីផ្លូវធំ។
លោក Diaa Karim ប្រធានអាជ្ញាធរអ៊ីរ៉ាក់ ដឹកនាំកិច្ចការនេះ បានប្រាប់ AFP កាលពីថ្ងៃពុធថា «បន្ទាប់ពីបានយកចេញស្រទាប់ទីមួយ នៃដី សំណល់បានលេចឡើងយ៉ាងច្បាស់ ឃើញថា ពួកគេទាំងអស់សុទ្ធតែជារបស់ស្ត្រី និងកុមារ ដែលស្លៀកពាក់សំលៀកបំពាក់ និទាឃរដូវ របស់ជនជាតិឃឺដ»។
លោកបានបន្ថែមថា ពួកគេទំនងជាមកពីតំបន់ Kalar ក្នុងខេត្ត Sulaimaniyah ភាគខាងជើង ដែលជាផ្នែកមួយនៃតំបន់ស្វយ័ត Kurdistan របស់ប្រទេសអ៊ីរ៉ាក់ ដោយប៉ាន់ស្មានថា មានមនុស្សមិនតិចជាង ១០០ នាក់ទេ ដែលត្រូវបានកប់ នៅក្នុងផ្នូរនេះ។
លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងដើម្បីស្រង់សាកសពទាំងអស់ កំពុងតែបន្តធ្វើ ដោយលោកដាក់ការសង្ស័យថា ចំនួនសាកសពអាចមានច្រើនជាងនេះ។
គួរបញ្ជាក់ថា បន្ទាប់ពីសង្រ្គាមដ៏សាហាវរបស់អ៊ីរ៉ាក់ជាមួយអ៊ីរ៉ង់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ អតីតរដ្ឋាភិបាល របស់លោក Saddam បានអនុវត្ត «ប្រតិបត្តិការ Anfal» ដ៏ឃោរឃៅរវាងឆ្នាំ ១៩៨៧ និង ១៩៨៨ ដែលក្នុងនោះ មានការគិតថា ជនជាតិឃឺដ ប្រហែល ១៨ម៉ឺននាក់ ត្រូវបានសម្លាប់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត