សង្ហិបុរីចាប់ផ្តើមសាកល្បងប្រើបាតដៃទូទាត់លុយជំនួសកាត
សិង្ហបុរី ៖ សង្កត់បាតដៃរបស់អ្នកលើម៉ាស៊ីនស្កេនត្រឹមរយៈពេលពីរវិនាទី បន្ទាប់មករង់ចាំពីរបីវិនាទីទៀត ដើម្បីឱ្យការទូទាត់ប្រាក់ដំណើរការ។ នោះហើយជារបៀបដែលបុគ្គលិករបស់ក្រុមហ៊ុន Visa មួយចំនួននៅសិង្ហបុរី បានចំណាយប្រាក់ដើម្បីទិញកាហ្វេរបស់ពួកគេនៅហាងកាហ្វេក្បែរសង្កាត់ Tanjong Pagar។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
ម៉ាស៊ីនទូទាត់ប្រាក់តាមបាតដៃ មានឈ្មោះថា Pay by Palm បង្កើតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន Visa និង Tencent តាំងពីឆ្នាំ២០១៩ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅហាងកាហ្វេ Alchemist 71 Robinson កាលពីខែតុលា ប៉ុន្តែសម្រាប់ពេលនេះ វាអាចប្រើបានសម្រាប់តែបុគ្គលិកដែលត្រូវបានជ្រើសរើស របស់ក្រុមហ៊ុនទូទាត់ប្រាក់ដ៏ធំមួយនេះប៉ុណ្ណោះ។
ប្រភពបានឱ្យដឹងថា ដើម្បីអាចទូទាត់ប្រាក់តាមរយៈម៉ាស៊ីន Pay by Palm បាន ដំបូងឡើយ តម្រូវឱ្យអ្នកប្រើធ្វើកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យរបស់អ្នកប្រើ ការរក្សាទុក និងការប្រើប្រាស់។ ទិន្នន័យទាំងនោះ នឹងត្រូវប្រមូលពីរូបភាពដែលបានស្កែន ប៉ុន្តែរូបភាពដើមនឹងមិនត្រូវបានរក្សាទុកទេ នេះបើយោងតាមគោលការណ៍ឯកជនភាព Tencent Palm Pay ដែលប្រើក្នុងអំឡុងពេលសាកល្បង។
លេខកាតឥណទានចំនួនបួនខ្ទង់ចុងក្រោយ ក៏នឹងត្រូវបានប្រមូលផងដែរ ដើម្បីសម្រួលដល់ការទូទាត់។ ព័ត៌មានដែលប្រមូលបាននឹងត្រូវប្រើដើម្បីបង្កើតគណនី ផ្ទៀងផ្ទាត់ និងផ្ទៀងផ្ទាត់ប្រតិបត្តិការដោយគោរពតាមកាតព្វកិច្ចផ្លូវច្បាប់ និងអនុវត្តសិទ្ធិស្របច្បាប់របស់វា។
មានការរំពឹងថា នៅពេលដែលម៉ាស៊ីនទូទាត់ប្រាក់តាមបាតដៃនេះ ត្រូវបានដាក់ពង្រាយកាន់តែទូលំទូលាយ នោះម្ចាស់ប័ណ្ណ Visa មកពីធនាគារ DBS, OCBC និង UOB ក៏នឹងអាចបង់ប្រាក់ដោយប្រើបាតដៃរបស់ពួកគេផងដែរ។ ប៉ុន្តែស្ថិតក្នុងដំណាក់កាលដំបូង បច្ចេកវិទ្យា Pay by Palm ទំនងជាដាក់ឱ្យប្រើប្រាស់បានតែនៅក្នុងហាងកាហ្វេ Alchemist មួយប៉ុណ្ណោះ មុនពេលដាក់ឱ្យហាងផ្សេងៗទៀតដំណើរការដែរ។
ក្រុមហ៊ុន Visa បានប្រាប់ឱ្យដឹងថា ដំណើរការទូទាត់ប្រាក់ Pay by Palm ចំណាយពេលប្រហែលមួយនាទី នេះបើយោងតាមការធ្វើតេស្តដំបូង ប៉ុន្តែវាអាចនឹងលឿនជាងនេះនាពេលអនាគត។ យ៉ាងណា Visa មិនបានផ្តល់ព័ត៌មានលំអិតថាតើពេលណាដែលក្រុមហ៊ុននេះ នឹងដាក់ពង្រាយម៉ាស៊ីនទូទាត់ប្រាក់តាមបាតដៃ Pay by Palm ឱ្យទូលំទូលាយនោះទេ។
សូមរម្លឹកថា ម៉ាស៊ីនទូទាត់ប្រាក់ Pay by Palm របស់ក្រុមហ៊ុន Visa និង Tencent មានវត្តមាននៅក្នុងប្រទេសសិង្ហបុរីតាំងពីដើមឆ្នាំ ២០១៩មកម្ល៉េះ ទោះបីជាវាមិនទាន់ក្លាយជាទម្រង់នៃការទូទាត់ទូទៅក៏ដោយ៕
ប្រភព ៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា