សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សម្តែងនូវការដឹងគុណនិងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសម្តែងនូវការដឹងគុណ និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេ្ទសក៍ឯក ដែលដាក់ចេញនៅគោលនយោបាយឈ្នះ ឈ្នះ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងការបង្រួបបង្រួមនិងឯកភាពជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល២៦ឆ្នាំ គឺកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលអបអរសាទរចំពោះទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពីព្រោះបន្ទាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្តីពីដំណោះស្រានយោបាយរួមមួយនៃជម្លោះកម្ពុជា និងមានការបោះឆ្នោតបង្កើតរាជរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញថ្មីក៏ពិតមែន ក៏ប៉ុន្តែនៅមិនទាន់ទទួលបានសុខសន្តិភាពពេញលេញនៅឡើយទេ។ ផ្ទុយមកវិញនយោបាយឈ្នះ ឈ្នះ ទើបធ្វើឱ្យយើងទទួលបាននៅការបង្រួបបង្រួម និងឯកភាពជាតិរស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងព្រះមហាក្សត្រតែមួយ។
លោកបានបន្តថា ចាប់តាំងពីពេលនឹងមកឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការកសាងអភិវឌ្ឍន៍ប្រទេសជាតិបាននូវសមិទ្ធផលជាច្រើន ដែលក្នុងនោះវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលមួយដែលបានចរិតនូវប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងវីរៈជនស្នេហាជាតិជាច្រើន ទុកជាស្នាដៃរម្លឹកនូវគុណដ៏ធំធេងជាប្រវត្តិសាស្ត្រជូនជនរួមជាតិកម្ពុជា។ ដោយគុណូបការៈនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិបានបែបនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យលេខ ០១អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កំណត់ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា គឺជារឿងដែលគួរឱ្យអបអរសាទរយ៉ាងក្រៃលែង ហើយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល គោរពដឹងគុណនិងអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដែលបានខិតខំស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជាជាទីស្រឡាញ់ និងកំសត់មួយនេះ ទទួលបាននៅភាពជោគជ័យរហូតមកដល់សព្វថ្ងៃ ហើយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចូលរួមបន្តសុខសន្តិភាពឲ្យបានគង់វង្សគ្រប់តម្លៃ៕
ដោយ៖ពលជ័យ