សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតវាយកូនគោល ពានរង្វាន់សម្តេចតេជោ លើកទី៨
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលាន ឈុន អូន ហ្គហ្វ រីសត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការដឹកនាំ បានឱ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាឱកាសនេះ មិនត្រឹមតែបានផ្តល់កិត្តិយសធំធេងបំផុតជូនដល់កីឡាករ កីឡាការិនី និងក្រុមការងាររៀបចំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃការប្រកួតកីឡាវាយកូនហ្គោល ពោលគឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងរឹតតែវិសេសវិសាលបន្ថែមទៀតនោះ នៅឆ្នាំនេះ យើងក៏ចូលរួមអបអរជាលើកទី១ នៃទិវាសន្តិភាពនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ កំណត់ជាផ្លូវការ យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» រៀងរាល់ឆ្នាំ ។ ព្រឹត្តិការណ៍ការប្រកួតនេះ ក៏ជាការចូលរួមចំណែកបំផុសនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋម្នាក់ ចេះលេងកីឡាមួយប្រភេទ និងចូលរួមបំផុសលើកកម្ពស់បំផុសវិស័យកីឡាវាយកូនហ្គោលនៅកម្ពុជា ឱកាន់តែរីកចំរើនផងដែរ ។
ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា ដូចជាការប្រកួតរៀងរាល់ឆ្នាំ «ការប្រកួតវាយកូនគោលពានរង្វាន់សម្តេចតេជោលើកទី៨» ត្រូវបានបែងចែកជាការប្រកួតចំនួន ២ប្រភេទ ក្នុងនោះរួមមាន៖ ប្រកួតឯកត្តជន ដែលមានកីឡាករ កីឡាការិនីចូលរួមចំនួន ១២៦នាក់ ស្រី ១២នាក់ ដែលបានចាប់ផ្តើមប្រកួតកាលពីថ្ងទី២៧ធ្នូ និងប្រកួតជាក្រុមចំនួន ៧៤នាក់ ចែកជា ១១ក្រុម ដែលប្រកួតនាពេលនេះ ជាមួយនឹងមូលបទ «កីឡារស់ក្នុងសន្តិភាព» ។ ការប្រកួតមានរយៈពេល ២ថ្ងៃ ដោយថ្ងៃទី២៧ គឺជាការប្រកួតឯកក្តជន សម្រាប់កីឡាករ កីឡាការិនី មិនមែនអាជីព។ កីឡាករដែលជាប់ចំណាត់ពីលេខ១ ដល់លេខ៨ នៅក្នុងថ្ងៃទី២៧ខែធ្នូ បានមកប្រកួតបន្តនៅថ្ងៃទី២៨ ខែធ្នូ ដែលជាថ្ងៃការប្រកួតជាក្រុមរបស់ថ្នាក់ដឹកនាំ ។
ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សូមសម្តែងនូវកតញ្ញូតាធម៌ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ស្ថាបនិក អគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដោយសម្តេច បានបិទទំព័រសករាជជូរចត់នៅកម្ពុជា, ផ្ដួលរលំរបបប្រល័យពូជសាសន៍, ទប់ស្កាត់មិនឲ្យរបបព្រៃផ្សៃយង់ឃ្នងវិលត្រឡប់ និងបញ្ចប់សង្គ្រាមស៊ីវិលញាំញីរ៉ាំរ៉ៃនៅកម្ពុជា, ដោយបានបើកទំព័រសករាជថ្មីមួយ ជាមួយសុខសន្តិភាព អធិបតេយ្យភាពពេញលេញ ភាព សុខដុមរមនា និងការអភិវឌ្ឍគ្រប់វិស័យ។ កម្ពុជា ដែលធ្លាប់តែមានគ្រាប់បែក និងគ្រាប់ផ្លោង តែឥឡូវ កម្ពុជា គឺមានតែគ្រាប់ពេជ្រ គឺគ្រាប់ពេជ្រនៃសុខសន្តិភាព និងការអភិវឌ្ឍ ។
ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនអង្គពិធីដែរថា នៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡដ្ឋានមរតកតេជោ ជាមួយនឹងអ្នកចូលរួមប្រមាណ ៥ ម៉ឺននាក់ ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» ដែលនេះគឺជាសក្ខីភាពមួយ បញ្ជាក់ពីការបន្តថែរក្សាមរតកសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ពីសំណាក់រាជរដ្ឋាភិបាល នីតិកាលទី៧ ។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏សូមយកឱកាសនេះថ្លែងអំណរគុណដល់ក្រុមការងាររៀបចំការប្រកួត ទាំងអស់ ដែលបានខិតខំចំណាយពេលវេលា និងយកអស់កម្លាំងកាយចិត្ត រៀបចំនូវព្រឹត្តិការណ៍ ឱ្យដំណើរការដោយរលូន និងជាពិសេសសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា ហ៊ុន តូ និង អ្នកឧកញ៉ា ឈុន អូន ដែលជាអ្នកចូលរួមឧបត្ថម្ភធំនៃកម្មវិធីប្រកួត ក៏ដូចជា ឯកឧត្តម អ្នកឧកញ៉ាឧកញ៉ា និងសប្បុរសជនដទៃទៀត ដែលបានជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈនានា ដល់ការប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨ នាពេលនេះ ។
ក្នុងឱកាសដ៏វិសេវិសាលនេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនគោលនិមិត្តរូប ដើម្បីបើកការប្រកួតវាយកូនហ្គោល ពានរង្វាន់សម្តេចតេជោ លើកទី៨ ជាផ្លូវការ ។
សូមជម្រាបថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ ដឹកនាំរៀបចំដោយឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការដឹកនាំ ដោយសហការជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា និងទីលានវាយកូនហ្គោល ឈុន អូន ហ្គហ្វ រីស៊ត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួរ និង សួង ពិសិដ្ឋ



















