ឯកឧត្តម ហេង សួរ ៖ វគ្គសុក្រឹតការស្តីពី”ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ” ជាសមិទ្ធផលជំហានដំបូង សម្រាប់អធិការការងារត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានលើកឡើងថា វគ្គសុក្រឹតការ ស្តីពី”ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ” ជាសមិទ្ធផលជំហានដំបូង ដែលរៀបចំឡើងសម្រាប់អធិការការងារដែលនឹងត្រូវបំពេញតួនាទីជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ ដើម្បីអនុវត្តដោយពេញលេញនូវតួនាទី និងពិនិត្យបទល្មើសដូចមានចែងក្នុងច្បាប់ការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ។វគ្គសុក្រឹតការ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពាក់ព័ន្ធដែលបានសហការរៀបចំវគ្គសុក្រឹតការនេះឡើង ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យការអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគមនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាម បទប្បញ្ញត្តិច្បាប់ជាធរមាន ជាពិសេសការធ្វើអធិការកិច្ចការងារពិសេស តាមដានការ ដាក់កំហិត ក៏ដូចជាការកសាងសំណុំរឿងផាកពិន័យស្របតាមនីតិវិធីច្បាប់ជាធរមានឱ្យកាន់តែមាន ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវចាំឱ្យច្បាស់អំពីតួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសមេរៀន ចំណេះដឹង ដែលទទួលបានពីវគ្គនេះ ពីព្រោះយើងទាំងអស់ត្រូវតែការពារដាច់ខាតនូវប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះផ្តោតលើប្រធានបទសំខាន់ៗចំនួន ៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្មបរទេស (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ៕
ដោយ ៖ ង៉ាន់ ទិត្យ













