ការវិវឌ្ឍថ្មី! ចិនផលិតថ្មលីចូម ៤០០ Wh/kg ដាក់ក្នុង Drone

បរទេស ៖ ជាការជំរុញភាពជឿនលឿន នៃបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក ឬ Drone អ្នកវិទ្យាសាស្ត្រចិនបានបញ្ចូលថាមពលថ្មលីចូមដង់ស៊ីតេខ្ពស់ដោយជោគជ័យ ដែលមានថាមពល ៤០០វ៉ាត់ម៉ោង ក្នុង១ គីឡូក្រាម ដាក់ទៅក្នុង Drone ដែលជួយបង្កើនប្រសិទ្ធភាព ចន្លោះពី២០ទៅ៤០ភាគរយ ហើយអាចដំណើរការហោះហើរ ក្នុងសីតុណ្ហភាពចម្រុះ ចាប់ពី ដក៤០°C ឡើងខ្ពស់ រហូតដល់ ៦០°C នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Interesting Engineering នាពេលថ្មីៗនេះ។

បើយោងតាមសារព័ត៌មាន China Daily បានឲ្យដឹងថា Drone បំពាក់ថ្មលីចូមថ្មីនេះ ត្រូវបានធ្វើតេស្តហោះហើរ ដោយជោគជ័យ នៅក្នុងតំបន់ Dalian នៃខេត្ត Liaoning ដោយហោះហើរបាន រយៈពេលជាង៣ម៉ោង។ ចំណុចពិសេសនៃថ្មដង់ស៊ីតេថាមពលខ្ពស់ថ្មីនេះ បានបង្កើនពីថាមពលថ្មពីមុន ដែលមានត្រឹម ៣៤០វ៉ាត់ម៉ោង ក្នុងមួយគីឡូក្រាម។ គួរបញ្ជាក់ដែរថា «វ៉ាត់ម៉ោង ក្នុងមួយគីឡូក្រាម» គឺជាឯកតាយោងដែលប្រើ ដើម្បីវាស់ ឬ ចង្អុលបង្ហាញដង់ស៊ីតេ នៃថាមពល ដែលមាន ឬ រក្សាទុកនៅក្នុងឧបករណ៍អ្វីមួយ។

ក្រុមការងារបានប្រើប្រាស់សម្ភារៈប្រកបដោយភាពច្នៃប្រឌិត Cathode Ternary ដែលមានសារធាតុនីកែលខ្ពស់ និង អេឡិចត្រូត Anodes ដែលមានសមាសធាតុស៊ីលីកុន-កាបូន, កែសម្រួលយ៉ាងល្អិតល្អន់ ដើម្បីពង្រឹងសមត្ថភាពថ្ម ព្រមទាំង ធន់នឹងសីតុណ្ហភាព។

ការអភិវឌ្ឍន៍របស់ថ្មនេះ ត្រូវបានដឹកនាំ ដោយសាស្រ្តាចារ្យ Chen Zhongwei នៅវិទ្យាស្ថាន រូបវិទ្យាគីមី Dalian នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ហៅកាត់ CAS។ ថ្មលីចូមថ្មីនេះ ត្រូវបានកែលម្អដោយជោគជ័យ សម្រាប់បេសកកម្មយន្តហោះគ្មានមនុស្សបើក ជាច្រើន រួមទាំង ប្រតិបត្តិការជួយសង្គ្រោះ ការឈ្លបយកការណ៍ និងការឃ្លាំមើល ជាពិសេស នៅក្នុងស្ថានភាពលំបាក។ ការរួមបញ្ចូលដោយជោគជ័យនៃថ្មថាមពលខ្ពស់នេះ ទៅក្នុងយន្តហោះគ្មានមនុស្ស គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធអាកាស ដែលមានសមត្ថភាពហោះហើរបានយូរ និងធានាស្ថិរភាព នេះបើតាមគេហទំព័រ Interesting Engineering ដដែល៕

ប្រភពពីInteresting Engineering ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner