ប្រមុខអង្គការសហប្រជាជាតិថ្កោលទោសការកើនឡើងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហ៊ូទី
អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរេស បានថ្កោលទោសការកើនឡើងជម្លោះរវាងក្រុមឧទ្ទាមហ៊ូទី របស់ប្រទេសយេម៉ែន និងអ៊ីស្រាអែល ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់មួយ។ នេះបើតាមអ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
អ្នកនាំពាក្យរបស់លោក ហ្គូទែរេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើព្រលានយន្តហោះអន្តរជាតិសាណាអា, កំពង់ផែសមុទ្រក្រហម និងស្ថានីយ៍ថាមពលនៅក្នុងប្រទេសយេម៉ែន គឺជារឿងគួរឱ្យព្រួយបារម្ភជាពិសេស។
បើតាមសេចក្តីរាយការណ៍ ការវាយប្រហារតាមអាកាសនោះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ រួមទាំងសមាជិកក្រុមផ្តល់សេវាមនុស្សធម៌របស់អង្គការសហប្រជាជាតិផងដែរ។
ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យនៃការកើនឡើងជម្លោះបន្ថែមទៀតនៅក្នុងតំបន់នេះ ប្រមុខអង្គការសហប្រជាជាតិបានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ ឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់សកម្មភាពយោធាទាំងអស់ និងអនុវត្តការអត់ធ្មត់ជាអតិបរមា។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក ហ្គូទែរេស ក៏បានព្រមានផងដែរថា ការវាយប្រហារតាមអាកាសលើកំពង់ផែសមុទ្រក្រហម និងព្រលានយន្តហោះអន្តរជាតិសាណាអា នឹងបង្កហានិភ័យដល់ប្រតិបត្តិការមនុស្សធម៌៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា