សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលី កម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
(ខេត្តសៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើន និងអបអរសាទរក្នុងកម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ ស្ថិតនៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។

កម្មវិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គិតចាប់ផ្តើមថ្ងៃទី ២៧, ២៨, ២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានការប្រគុំតន្ត្រី ល្ខោនបាសាក់ ស្តង់ផលិតផលក្នុងស្រុក និងផលិតផលកសិកម្មផងដែរ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្វាយគ្រឿងសក្ការៈ បូជាទៀន ផ្កា ទឹកអប់ និងធូប បន្ទាប់មកពិធីបួងសួងក្រុងពាលីបានចាប់ផ្តើម អមដោយការថ្វាយភ្លេងពិណពាទ្យ និងឧទ្ទិសផល ព្រមទាំង បានប្រសិទ្ធពរជ័យជូន ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា លោក លោកស្រីទាំងអស់ ជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕





