លោក ពូទីន ៖ រុស្ស៊ី និងកូរ៉េខាងជើង នឹងបង្កើនការប្រឆាំងការគំរាមកំហែង រួមទាំងបញ្ហាប្រឈម
មូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ី និងកូរ៉េខាងជើង នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងឆ្នាំខាងមុខនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែង និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសារឆ្នាំថ្មីទៅកាន់លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃប្រទេសកូរ៉េខាងជើង។
ដោយកត់សម្គាល់ពីកិច្ចពិភាក្សារបស់ពួកលោកនៅទីក្រុងព្យុងយ៉ាងក្នុងខែមិថុនា បានបង្កើនទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ លោក ពូទីន បាននិយាយនៅក្នុងសារថា សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ បានផ្តល់លក្ខខណ្ឌសម្រាប់ជាមូលដ្ឋាន និងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានអត្ថប្រយោជន៍លើគ្រប់វិស័យសំខាន់ៗ។
លោក ពូទីន បន្ថែមថា នៅឆ្នាំខាងមុខនេះ ភាគីទាំងពីរនឹងបន្តការងាររួមគ្នា ដើម្បីអនុវត្តសន្ធិសញ្ញាជាប្រវត្តិសាស្ត្រនេះ ហើយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត សំដៅទប់ទល់នឹងការគំរាមកំហែង រួមទាំងបញ្ហាប្រឈមនៃសម័យបច្ចុប្បន្ន។
សូមរម្លឹកថា កាល ពី ថ្ងៃ ទី១៩ ខែ មិថុនា មេដឹកនាំ ទាំង ពីរ បាន ចុះ ហត្ថលេខា លើ សន្ធិសញ្ញា ស្តី ពី ភាព ជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ នៅ ក្រុង ព្យុងយ៉ាង ហើយសន្ធិសញ្ញានោះបាន ចូល ជា ធរមាន នៅ ថ្ងៃ ទី៤ ខែ ធ្នូ ក្រោយការផ្តល់ សច្ចាប័ន នៃ សន្ធិសញ្ញា ត្រូវ បាន ដោះដូរ នៅ ទីក្រុង មូស្គូ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា