ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ផ្អាកជើងហោះហើរទៅកាន់ទីក្រុងមួយចំនួនរបស់រុស្ស៊ី
បាគូ ៖ ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់បានប្រកាសកាលពីថ្ងៃសុក្រថា នឹងផ្អាកជើងហោះហើរពីទីក្រុងបាគូ ទៅកាន់ទីក្រុងមួយចំនួនរបស់រុស្ស៊ី គិតចាប់ពីកាលពីថ្ងៃសៅរ៍នេះតទៅ។

សេវាសារព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ បានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងដោយទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរដ្ឋរបស់ប្រទេសអាស៊ែបៃហ្សង់ ស្ថិតក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះសុវត្ថិភាពហោះហើរ។

វិធានការនេះធ្វើឡើងបន្ទាប់ពីយន្ដហោះធុន Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ មានទិសដៅហោះហើរចេញពីរដ្ឋធានីបាគូ នៃប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុងក្រូស្នី ស្ថិតនៅក្នុងតំបន់ឆេឆេនីរបស់រុស្ស៉ី កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ បានធ្លាក់ខណៈកំពុងព្យាយាមចុះចតនៅឯទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន។

យន្ដហោះនេះបានធ្លាក់នៅក្បែរឆ្នេរមួយស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រពីទីក្រុង Aktau ហើយវីដេអូថតដោយទូរស័ព្ទដៃ បានបង្ហាញថា យន្ដហោះ Embraer 190 បានសំយុងក្បាលចុះក្រោម មុននឹងធ្លាក់ទៅដល់ដី។ បើតាមក្រុមអ្នកជួយសង្រ្គោះ មនុស្ស ២៩នាក់នៅរស់រានមានជីវិត។
ក្រុមអ្នកជំនាញខាងអាកាសចរណ៍ បាននិយាយថាយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាស៊ែបៃហ្សង់ ដែលបានធ្លាក់នៅកាហ្សាក់ស្ថាននេះ ទំនងជាត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៉ី។ ប៉ុន្តែខាងភាគីរុស្ស៉ីបានចេញមុខច្រានចោលភ្លាមៗ ចំពោះការសន្និដ្ឋានបែបនេះ។ យ៉ាងណាមិញ ការស៊ើបអង្កេតកំពុងដំណើរការ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា