ប៊ែលធីគ្រុប រួមគ្នាបរិច្ចាគឈាម ក្នុងឱកាសទិវាសន្តិភាពនៅកម្ពុជា និងដឹងគុណអគ្គស្ថាបនិកនយោបាយឈ្នះឈ្នះ

សម្តេចតេជោ ហ៊ុន សែន ប្រើគោលគារណ៍៣ចំណុច បង្រួបបង្រួមខ្មែរក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ប៊ែលធីគ្រុបបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ក្នុងឱកាសទិវាសន្តិភាពនៅកម្ពុជា។

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រើគោលគារណ៍៣ចំណុចផ្តើមង្រួបបង្រួមខ្មែរក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ មិនបង្ហូរឈាមមួយតំណក់ ដើម្បីអភិវឌ្ឍន៍ និងកសាងខឿនសន្តិភាពជាតិ បង្កើតទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ខែធ្នូ។ ដើម្បីដឹងគុណដល់ អគ្គស្ថាបនិកនយោបាយឈ្នះឈ្នះ និងគុណតម្លៃ នៃសុខសន្តិភាព ស្ថាបនិកប៊ែលធីគ្រុប បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងយុវជនស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិ សរុបជិត ១,០០០នាក់ ចូលរួមយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។


ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានឱ្យដឹងថា នេះជាលើកទី៧ហើយ ដែលប៊ែលធី គ្រុប បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាគឈាមលើកទី៧ នេះមានគណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិត បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះដល់អ្នកដែលត្រូវការឈាមជាចាំបាច់ និងអបអរដល់ទិវាសន្តិភាពនៅកម្ពុជា សកម្មភាពបរិច្ចាគឈាមនេះ បានក្លាយទៅជាវប្បធម៌ដ៏ល្អ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ប៊ែលធី គ្រុបផងដែរ។


លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត លី ឆេង ដែលជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដែលតែងតែចូលរួមគាំទ្រ និងធ្វើអំណោយទានជីវិត តាមរយៈការផ្តល់ឈាមដោយស្ម័គ្រចិត្តនិងមិនយកកម្រៃ ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ហើយថែមទាំងមានអត្ថប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ដូចជា កាត់បន្ថយហានិភ័យនៃជំងឺមហារីកនានា កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាមនិងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែង ធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង ជាពិសេសបានរួមចំណែកសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គមជាតិ។


ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃប៊ែលធី គ្រុបទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ប្រការនេះ គឺជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ជាការបង្ហាញទឹកចិត្តនៃការស្រឡាញ់ និងជាការផ្តល់ទឹកចិត្តមេត្តា ករុណា ក្នុងការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺនានាដែលត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។ កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយរបស់សមាគមសប្បុរសធម៌ប៊ែលធី (BELTEI Charity Association) ដែល ប៊ែលធី គ្រុប បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសហគមន៍ដែលជួបការលំបាក តាមរយៈការចូលរួមកិច្ចការសង្គម ការងារមនុស្សធម៌ និងសប្បុរសធម៌ជាច្រើន ដូចជា ការជួយឧបត្ថម្ភដល់ប្រជាជនងាយរងគ្រោះ គ្រួសារខ្វះខាត ឬជួបការលំបាក ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ត្រីទើបសម្រាលកូន និងការផ្តល់ជំនួយសង្រ្គោះបន្ទាន់ផ្សេងៗជាច្រើនទៀត និងមានពាក្យស្លោករបស់ខ្លួនគឺ “ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយសីលធម៌ និងគុណធម៌” “Education has to be in conjunction with morality and virtue”។
ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់សប្បុរសជននានា សូមបន្តគាំទ្រ និងចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតឱ្យបានផុលផុសនៅទូទាំងប្រទេស៕


ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner