ឯកឧត្តម ឃួង ស្រេង អញ្ជើញពិនិត្យការរៀបចំឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើម
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធនិងមន្ទីរនានានៃរដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើល លើការរៀបចំ ទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីធានាលើសន្តិសុខ សុវត្ថិភាព និងពិនិត្យមើលការរៀបចំបច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅខណ្ឌជ្រោយចង្វា ក្នុងន័យធ្វើយ៉ាង ឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើម ដែលគ្រោងនឹងធ្វើឡើងនារសៀលថ្ងៃទី២៩ធ្នូស្អែក នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ឯកឧត្តម ឃួង ស្រេង ជំរុញបន្ថែមការរៀបចំសន្តិសុខ សុវត្ថិភាព ការផ្សព្វផ្សាយ និងបច្ចេកទេសនានា ហើយក៏បានណែនាំឱ្យក្រុមការងារបរិស្ថាន រៀបចំលាងសម្អាតបរិវេន ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោបន្ថែមទៀត ។
គួរបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» កាលពីថ្ងៃទី២៣ធ្នូនេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ថ្លែងថាព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាជាង ៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន ៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការប្រកួតចំនួន២គូ ។ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជាក្រុម B និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុម A ដោយគ្រោង អ្នកចូលរួមប្រមាណជាង ៥ម៉ឺននាក់ហើយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា ក្រុម A នៅវេលាម៉ោង១៧:០០នាទី ៕
ដោយ ៖ ហេង សម្បត្តិ








