ឯកឧត្តម ខ្វៃ អាទិត្យា៖ ទិវាសន្តិភាពនៅកម្ពុជា មិនត្រឹមតែជួយសង្រ្គោះដល់មនុស្សជាតិ តែបានញាំងបរិស្ថានកម្ពុជាឱ្យមានសន្តិភាពដូចគ្នា

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ឆ្នាំ ២០២៤» នេះ ឯកឧត្តមខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ទិវានេះ មិនត្រឹមតែជួយសង្រ្គោះដល់មនុស្សជាតិ ប្រជាជនខ្មែរ ក្រោមការដឹកនាំឥស្សរជន ក៏ដូចជាសម្តេចជោ ហ៊ុន សែន នោះទេ។ ប៉ុន្តែសន្តិភាពនេះ ថែមទាំងបានញាំងបរិស្ថានកម្ពុជា ឱ្យមានសន្តិភាពដូចគ្នា។ ការលើកឡើងរបស់ឯកឧត្តម ខ្វៃ អាទិត្យា នេះ ធ្វើឡើងក្នុងឱកាសចូលរួមជាមួយក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិលដឹកនាំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងការអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ក្រោមប្រធាន«សន្តិភាពដើម្បីយើងទាំងអស់គ្នា» ដើម្បីអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯកក្នុងការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ឯកឧត្តមសង្កត់ធ្ងន់ទៀតថា តម្លៃនៃសុខសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់ ដោយប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗនិងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស ជាពិសេស បានចូលរួមការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិទូទាំងប្រទេស។

ឯកឧត្តមបន្ថែមទៀត សន្តិភាព ជាកត្តាគន្លឹះនាំឱ្យមានឱកាសក្នុងការគិតគូរពេញលេញពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។ ជាមួយគ្នានេះឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំបអង្គការសង្គមស៊ីវិល ចូលរួមអនុវត្តន៍ទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងគោលដៅថែររក្សាបាននូវការការពារ និងអភិរក្សបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ពលជ័យ

ads banner