ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមហែរប្រមាណ ៣ពាន់នាក់ ទទួលបានការចូលរួមទស្សនាច្រើនពីមហាជន
(ភ្នំពេញ)៖ ខណៈដែលព្រឹត្តិការណ៍ «សាទរកម្ពុជា» កាន់តែកៀកឈានចូលមកដល់ គ្រប់ផ្នែកនៃការងារ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបង្ហាញនៅក្នុង ក្បួនព្យុហយាត្រា ដើម្បីបង្ហាញសិល្បៈវប្បធម៌សំបូរបែប ក្នុងថ្ងៃទី៣១ ខាងមុខនេះ។ ជាក់ស្តែងរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ ទៅតាមតម្រាយផ្លូវដែលបានត្រៀមទុក ក្បួនដង្ហែ «សាទរកម្ពុជា» ជាក្បួនដង្ហែរសាកល្បង មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) និង តីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែ បែបវប្បធម៌ប្រពៃណី តន្ត្រីប្រជាប្រិយ ក្បួនដង្ហែសាទរកម្ពុជា រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀត អមជាមួយទីងមោង គោមយក្សដ៏ធំ ពោងយក្ស និង ទស្សនីយភាពជាច្រើន នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈទាំងជាតិ និងអន្តរជាតិ ដែលបានមកឈរមើលការសមលើកដំបូងនៃក្បួនដង្ហែរបស់ព្រឹត្តិការណ៍ “សាទរកម្ពុជា” មុនការដង្ហែជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខព្រះបរមរាជវាំង ដែលនឹងមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ។
សូមជម្រាបជូនថា កម្មវិធី «សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះ តាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា ហើយជាការបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង ។
ព្រឹត្តការណ៍នេះ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗ នៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួមដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាព ក្រោម “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួមសាមគ្គី ឯកភាពទៅជាកម្លាំងជាតិតែមួយ ។
ជួបគ្នា! ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទៀបភ្លឺ! ៕
ដោយ ៖ ង៉ាន់ ទិត្យ