សម្តេចតេជោ រំលឹកសារចំនួន៣ ក្រោយមេដឹកនាំខ្មែរក្រហម ទទួលទានអាហារនៅផ្ទះសម្តេច កាលពី ២៦ឆ្នាំមុន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានរំលឹកសារដ៏សំខាន់ចំនួន ៣ចំណុច ទៅកាន់ប្រជាពលរដ្ឋខ្មែរ និងបរទេស ក្រោយក្រុមមេដឹកនាំខ្មែរក្រហម បានសម្រេចបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាល ហើយបានចូលរួមទទួលទានអាហារនៅផ្ទះសម្តេច នៅក្រុងតាខ្មៅ កាលពី ២៦ឆ្នំាមុន ពោល គឺឆ្នាំ១៩៩៨។

តាមសំណេរលើហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៤ ចំនឹងថ្ងៃអបអរសាទរខួប ២៦ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប ១ឆ្នាំ នៃ «ទិវាសន្តិភាពនៅកម្ពុជា» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន, នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។

សម្តេចតេជោ បានបន្ថែមទៀតថា «ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត នៅផ្ទះរបស់ខ្ញុំ នៅតាខ្មៅដោយចង់ផ្ញើសារ ៣ ចេញទៅកាន់៖

១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។

២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។

៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ សូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។
នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព) ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner