ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីស្រាអែលផ្អាកជើងហោះហើរទៅកាន់រុស្ស៊ី
ហ៊្សេរុយសាឡឹម ៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់អ៊ីស្រាអែល EL Al បានប្រកាសថ្មីៗនេះថា ខ្លួននឹងផ្អាកជាបន្ទាន់នូវជើងហោះហើររវាងទីក្រុង Tel Aviv និងទីក្រុង Moscow របស់ប្រទេសរុស្ស៊ី ដែលយ៉ាងហោចណាស់មួយសប្តាហ៍។
សារព័ត៌មាន Kan TV News ដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែលបានរាយការណ៍ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយសារតែមានការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនលើអាកាសយានដ្ឋានរុស្ស៊ី រួមទាំងនៅទីក្រុងមូស្គូផងដែរ។
ហើយការសម្រេចចិត្តនេះទៀតសោត ក៏ទំនងជាកើតឡើងបន្ទាប់ពីការធ្លាក់យន្តហោះនៅប្រទេសកាហ្សាក់ស្ថាន របស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ ខណៈពេលធ្វើដំណើរពីទីក្រុងBaku ទៅកាន់ទីក្រុងGrozny របស់ប្រទេសរុស្ស៊ី។
ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល EL Al បានដំណើរការជើងហោះហើរចំនួន ៥លើកក្នុងមួយសប្តាហ៍ រវាងព្រលានយន្តហោះ Ben Gurion នៅខាងក្រៅទីក្រុង Tel Aviv និងអាកាសយានដ្ឋាន Moscow Domodedovo៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា