នាយឧត្តមសេនីយ៍ ទៀ សីហា ៖ សន្តិភាព និងនយោបាយឈ្នះឈ្នះ កម្ពុជា ត្រូវបានផ្សព្វផ្សាយដោះស្រាយបញ្ហាជម្លោះនៅក្នុងតំបន់ និងពិភពលោក
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា នយោបាយឈ្នះឈ្នះ និង ស្មារតីសន្តិភាព របស់កម្ពុជា ត្រូវបានរួមចំណែកផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងការសិក្សារៀនសូត្រ ដែលមានស្ថាប័នសភាជាង៥០ប្រទេសទូទាំងពិភពលោក បានផ្តល់ពានរង្វាន់សន្តិភាព និងការផ្សះផ្សារដល់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសម្តេចជាអគ្គមគ្គុទេសក៍ និងជាស្ថាបនិកនៃសន្តិភាពពេញលេញនៅកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរសាទរខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានឈ្នះឈ្នះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា ស្ថាប័នអន្តរជាតិជាច្រើន បានពង្រឹងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាក្នុងការសិក្សាស្វែងយល់អំពីដំណើរការអនុវត្តន៍នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បច្ចុប្បន្ន។ ចំណុចនេះគឺបានបង្ហាញពីការគាំទ្រសន្តិភាពនៅកម្ពុជា តាមរយៈការបញ្ចប់សង្គ្រាម ដោយគ្មានការបង្ហូរឈាម។
«ស្មារតីសន្តិភាព និងលើកកម្ពស់នយោបាយឈ្នះឈ្នះ ក្នុងឆាកអន្តរជាតិ ជាពិសេសនៅឆ្នាំ២០២៤នេះ បានរួមចំណែកផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងមានការសិក្សារៀនសូត្រ ស្ថាប័នអន្តរជាតិនានា ក្នុងសម័យប្រជុំពេញអង្គសភាអន្តរជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ដែលមានស្ថាប័នសភាជាង៥០ប្រទេសទូទាំងពិភពលោក ដោយបានផ្តល់ពានរង្វាន់សន្តិភាព និងការផ្សះផ្សារដល់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសម្តេចជាអគ្គមគ្គុទេសក៍ និងជាស្ថាបនិកនៃសន្តិភាពពេញលេញនៅកម្ពុជា»។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា ចំណុចនេះគឺជាសបញ្ជាក់យ៉ាងអំពីមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយឈរលើគោលការណ៍សន្តិភាព សុខមាលភាពប្រជាជន ស្របនឹងគោលការណ៍អន្តរជាតិ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា បើទោះបីជាស្ថានភាពរបស់ពិភពលោកបច្ចុប្បន្ននេះ កំពុងជួបនឹងបញ្ហាប្រែប្រួលតាមរយៈជម្លោះនានាក៏ដោយក៏កម្ពុជា នៅតែអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា ការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងបំពេញតួនាទីផ្សេងៗទៀត ជាមួយនឹងដៃគូយុទ្ធសាស្ត្រក្នុងការឆ្លើយតបនឹងវិបត្តិគ្រោះធម្មជាតិ ការកសាងភាពធន់សម្រាប់ឆ្លើយតបវិបត្តិនានាជាដើម។
សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួប ២៦ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស និងអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជាលើកទី១» ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព ហើយស្អប់ខ្ពើមសង្គ្រាម៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា








