មនុស្ស ៤៧នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកមនុស្ស ១៨១នាក់នៅកូរ៉េខាងត្បូង
សេអ៊ូល ៖ នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បានប្រាប់ទូរទស្សន៍ CNN ថា យ៉ាងហោចណាស់មនុស្សចំនួន ៤៧នាក់បានស្លាប់ នៅពេលដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅអាកាសយានដ្ឋានមួយកន្លែង នៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង។
ជាសំណាងល្អ មនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះចេញពីកន្លែងធ្លាក់យន្តហោះ។ យោងតាមក្រសួងដែនដីកូរ៉េខាងត្បូង បានឲ្យដឹងថា ជនជាតិថៃពីរនាក់ ស្ថិតក្នុងចំណោមអ្នកជិះយន្តហោះ។
សារព័ត៌មាន CNN បានរាយការណ៍ថា ជើងហោះហើរលេខ 7C 2216 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ផ្ទុកអ្នកដំណើរសរុបចំនួន ១៨១នាក់ ក្នុងនោះអ្នកដំណើរចំនួន ១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន ៦នាក់ នៅពេលគ្រោះថ្នាក់បានកើតឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan នៅម៉ោង ៩ព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់)។
យោងតាមក្រសួងដែនដីកូរ៉េ ខាង ត្បូង បានឱ្យដឹងថា មន្រ្តីមកពីគណៈកម្មាធិការស៊ើបអង្កេតឧប្បត្តិហេតុរបស់កូរ៉េខាងត្បូង បានទៅដល់ទីតាំងកើតហេតុនៅម៉ោង ១០និង១០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ហើយកំពុងពិនិត្យមើលមូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ។
ទន្ទឹមគ្នា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានណែនាំក្រុមអ្នកសង្គ្រោះបន្ទាន់ ឱ្យប្រមូលឧបករណ៍ និងបុគ្គលិកដែលមានទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់យន្តហោះ នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង។
បើតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ដោយសារការប៉ះទង្គិចជាមួយហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហា អំឡុងពេលវាព្យាយាមចុះចតនៅព្រលានយន្តហោះអន្តរជាតិ Muan ដែលស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា