សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។
ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ រៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ នេះក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ពិសេស ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមជាមួយគ្នានេះ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ ក៏ជាការចូលរួមចំណែកបំផុសនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ និងចូលរួមបំផុសលើកកម្ពស់បំផុសវិស័យកីឡាវាយកូនគោលនៅកម្ពុជាឱកាន់តែរីកចម្រើនផងដែរ។ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលនេះ នឹងធ្វើការប្រកួតរយៈពេល២ថ្ងៃ ដោយថ្ងៃទីមួយ ថ្ងៃទី២៧ គឺជាការប្រកួតឯកក្តជនសម្រាប់កីឡាករ កីឡាការិនីមិនមែនអាជីព។
សូមបញ្ជាក់ថា ចំពោះជ័យលាភី រួមមាន៖ ឯកត្តជននារី៖ ជ័យលាភីលេខ១ បានទៅលោកស្រី កាន់ វង្ស ។
ឯកត្តជនបុរស ៖ ជ័យលាភីលេខ៣ បានទៅលោក អ៊ឹម រាហ៊ុល, ជ័យលាភីលេខ ២ បានទៅលោក សេង វ៉ាន់សីហា ខណៈជ័យលាភីលេខ១ បានទៅលោក ពៅ ពេជ្រមេត្តា ។
ការប្រកួតជាក្រុម ៖ ជ័យលាភីលេខ៣ បានទៅក្រុម ឯកឧត្តម យូ ស៊ុនឡុង, ឯកឧត្តម ជា បូរ៉ា និងឯកឧត្តម ឌី ពៅ ។ ជ័យលាភីលេខ ២ បានទៅក្រុម ឯកឧត្តម ស៊ូ ភិរិន្ទ, ឯកឧត្តម ម៉ៅ ពៅ និងឯកឧត្តម ជួន សុវណ្ណ ។ សម្រាប់ជ័យលាភីលេខ ១ បានទៅក្រុមឯកឧត្តម លន់ សុផាត, ឯកឧត្តម កេត សោផាន់ និងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៕
ដោយ ៖ វណ្ណលុក














