ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ និងការ យកជីវិតធ្វើដើមទុនរបស់សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺខួបលើកទី២៦ “ទិវាសន្តិភាព នៅកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ដែលគ្រប់គ្នាទទួល យកដោយបេះដូង ។ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិ សាស្ត្រដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជន ស្នេហាជាតិកម្ពុជា ។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជន កម្ពុជា ធ្លាប់បានបញ្ជាក់ថា ដើម្បីទទួលបាននូវសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ សម្ដេចតេជោ បានយកជីវិតធ្វើជាដើមទុនដោយចូល ទៅកាន់សម្បុកខ្មែរក្រហមដើម្បីបញ្ចប់សង្រ្គាម ទាំងសង្រ្គាមពុំ ទាន់បញ្ចប់។
ឆ្នាំ២០២៤នេះក៏ជាឆ្នាំដំបូង ដែល “ទិវាសន្តិភាពនៅកម្ពុជា”ត្រូវ បានកំណត់ជាថ្ងៃបុណ្យជាផ្លូវការ និងអនុវត្តតរៀងទៅ ។
ជាការពិតណាស់!ក្រោយទទួលបានជ័យជម្នះក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជន ស្នេហា ជាតិកម្ពុជាមួយចំនួនទៀត បានប្តូរផ្តាច់យកជីវិតធ្វើជាដើមទុន ដើម្បី រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែកម្ពុជានៅមិន ទាន់ សង្គ្រោះបានទាំងស្រុងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាព កម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៩៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយ ពេញលេញ ។នៅថ្ងៃទី២៩ ខែធ្នូ១៩៩៨ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯក ភាព ជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូត នាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។
លទ្ធផលនៃនយោបាយឈ្នះ ឈ្នះ គឺផ្តើមចេញពីគោលនយោបាយ ៣ ចំណុច និងយុទ្ធសាស្រ្ត៥ ដែលឈានទៅរំលាយចោលអង្គការចាត់ តាំងនយោបាយយោធារបស់ខ្មែរក្រហម នាំមកនូវការបង្រួបបង្រួម ជាតិ និងឯកភាពទឹកដី ។នយោបាយឈ្នះឈ្នះ៣យ៉ាង គឺទី១. ការធានា រូបកាយ និងអាយុជីវិត ។ជាការធានានូវសុវត្ថិភាពខាងផ្នែក សន្តិសុខ ផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលបានស្ម័គ្រចិត្តបញ្ចប់សង្គ្រាម និងការប្រយុទ្ធ ហើយវិលត្រឡប់មករួមរស់នៅក្នុងចរន្តនៃសង្គមជាតិវិញ ។ទី២. ការធានាអាជីព និងមុខរបរ ពោលធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្ទាល់ជូនអ្នកទាំងអស់នូវលទ្ធភាពគ្រប់គ្រាន់ក្នុងការ បន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិតដែលពួកគេធ្លាប់មានកន្លងមក និងទី៣.ធានាកម្មសិទ្ធទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ ពោលធានាខាងផ្នែកកម្មសិទ្ធដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈ ពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើឡើយ។
ចំណែកយុទ្ធសាស្ត្រទាំង៥ ដែលគេហៅថា យុទ្ធសាស្ត្រ DIFID មកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញ មកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។
ដោយឡែកសម្រាប់អត្ថន័យនៃទិវាសន្តិភាពនៅកម្ពុជា មាន៥ចំណុច ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន កម្ពុជា។ទី១.គឺការស្រឡាញ់សន្តិភាព គឺការស្អប់ខ្ពើមសង្គ្រាម។ទី២. ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពពេញលេញ ដោយ នយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃ២៩ ធ្នូ ឆ្នាំ១៩៩៨ ។ទី៣. ជាការរំលឹក ដឹងគុណ និងចងចាំជានិច្ច នូវគំរូវីរៈភាពអង់អាចក្លាហាននូវការ ធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់វីរៈបុរសស្នេហាជាតិ វីរៈនារីស្នេហាជាតិ ដែលបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ ក្នុងការបញ្ចប់សង្គ្រាម ហើយការសម្រេចបាននូវការបង្រួបបង្រួមជាតិ ជាមួយការឯកភាព ជាតិនេះ។ទី៤ .ជាការដាស់តឿន ដើម្បីក្រើនរំលឹកដល់ប្រជាជនកម្ពុជា គ្រប់ជំនាន់កុំឱ្យភ្លេចនូវសោកនាដកម្ម វិនាសកម្ម ដែលកើតឡើងដោយសង្គ្រាម ។រឿងនេះសំខាន់ ព្រោះយើងតែងតែឆាប់ភ្លេច និងទី៥ គឺបំផុសស្មារតីថែមទៀត ឱ្យថែទាំការពារសន្តិភាព បង្កើននូវវប្បធម៌ សន្តិភាពនេះ យូរអង្វែងតរៀងទៅ។
សរុបមកទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា!៕
ដោយ៖មុនី