ព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅខេត្តសៀមរាប

សៀមរាប៖សំឡេង និងស្នូរទះដៃយ៉ាងកងរំពងបានលាន់ឡើងព្រមៗគ្នា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្របគ្នា​ជាមួយ​ខ្លែងឯក ខ្លែងខ្មែរ ចម្រុះពណ៌បាន​បណ្ដែ​តខ្លួននៅ​លើអាកាសរេរាំទៅតាមវាយោ ​នាទីលាននៃអតីតអាកាសយានដ្ឋាន​អន្តរជាតិសៀមរាប។នេះគឺព្រឹត្តិ​ការណ៍​បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី​ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០២៤។

ចំពោះមុខអ្នកចូលរួមបង្ហោះ ក៏ដូចជាអ្នកទស្សនាជាតិ អន្តរជាតិយ៉ាង​ច្រើនកុះករ​ នៅខាងក្នុងបរិវេណអតីត​អាកាស​យានដ្ឋានសៀមរាប ​លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា​ការបង្ហើរ​ខ្លែង​ខ្មែរ មិនគ្រាន់តែបង្ក​បរិយា​កាស​ឱ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការ​ផ្ទេរនូវចំណេះ​ដឹងខាង​ទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់​ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួម​ប្រតិបត្តិ ថែរក្សាការពារ លើក​ស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាង​សកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារ​បេតិកភណ្ឌវប្បធម៌នេះ ឱ្យបានស្ថិតស្ថេរគង់វង្ស។

គប្បីជម្រាបជូនថា ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នាឱកាសនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញ​កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តសៀមរាប​កាន់តែ​​ច្រើនឡើង ស្របតាម​យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»ផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៥ ខាងមុខ ដើម្បីបន្តរក្សាកំណើន និងទាក់ទាញភ្ញៀវទេសចរ និងថែរក្សាបាន​នូវប្រពៃណីទំនៀមទម្លាប់ជាតិយើង។

លោកអភិបាលរងខេត្តបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិទាំងអស់ មេត្តាបន្តគាំទ្រឱ្យបានផុលផុស ដើម្បីបន្ត​ការរៀបចំនូវកម្មវិធី និងព្រឹត្តិការណ៍នានា ក្នុងខេត្តសៀមរាបនៅឆ្នាំ​បន្តបន្ទាប់ទៀត។

ទាក់ទងនឹងពិធីបង្ហើរខ្លែងនេះដែរលោក មួន សុភាព ប្រធាន​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បាននិយាយថា ការបង្ហើរខ្លែង បានកើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែរ រាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯកនេះ ស្ទើរតែបាត់បង់ដោយសារតែពលរដ្ឋ​យើងមួយចំនួនមានជំនឿថា ខ្លែងជាវត្ថុអពមង្គល ដែលតាមការ​ពិតខ្លែងនេះដូនតាខ្មែរបង្កើតមកជាវត្ថុតំណាងឱ្យសុភមង្គល។

លោកបន្តថា ដោយសារតែជំនឿមិនសមហេតុផលនេះ ទើបថ្នាក់ដឹកនាំ​ស្ថាប័នជាតិបានគិតគូរយកចិត្តទុកដាក់​រៀបចំឱ្យ​មានព្រឹត្តិការណ៍​នានាដែលទាក់ទងនឹងខ្លែងនេះ ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ក៏មានបំណង​យកខ្លែងឯក​របស់ខ្មែរនេះ ចុះក្នុងបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ដោយសារ​ហេតុនេះទើប​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំបំផុសចលនាបង្ហើរខ្លែងនេះ ព្រោះការចូលជាសម្បត្តិបេតិ​កភណ្ឌពិភពលោកនេះ យើងអាចអភិរក្ស និងផ្សព្វផ្សាយ​អំពីខ្លែងយើងបានទូលំទូលាយ។

សូមជម្រាបថា ព្រឹត្តិការណ៍បង្ហើរខ្លែងនេះ មានខ្លែងឯក ខ្លែងសេរី និងខ្លែងតូចៗ សរុបចំនួនប្រមាណ ៥០០ខ្លែង ។​ព្រឹត្តិ​ការណ៍​នេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ។អ្នកស្រឡាញ់និងលេងខ្លែង​មកពីបណ្ដាលខេត្តផ្សេងៗ អាចចូលរួម​បាន។
គណៈកម្មការមេប្រយោគមានលក្ខខណ្ឌ២ ។គឺការបង្ហើរខ្លែងនឹង​វាយតម្លៃផ្តល់ពិន្ទុទៅ​ដល់ខ្លែងសេរីគឺ​ទីមួយ.ទៅលើបច្ចេកទេសបង្ហើរ មានភាពសំកាំងល្អទាំងពេលកំពុង​ហោះនិងពេលដាក់ចុះមកវិញ​មិនរេដាំក្បាលចុះ និង​អ្នកបង្ហោះត្រូវ​តាមទិសខ្យល់ និងទីពីរ. វាយតម្លៃទៅលើផ្នែកវិចិត្រកម្ម មានទ្រង់ទ្រាយ សោភណភាព។

ចំណែកខ្លែងឯក មានបីលក្ខខណ្ឌ ។ទីមួយ.បច្ចេកទេសបង្ហើរ សោភណ​ភាពទាំងស្លាបនិងកន្ទុយ ដងខ្លួននិងឯក មាន​ទម្រង់សមសួន ,ទីពីរ.មានភាពរចនាផ្នែកវិចិត្រកម្ម និងទីបី.សំឡេឯកដែលមានភាព​រងំរណ្តំ ៕


ដោយ៖ប៊ុន រដ្ឋា

ads banner