សម្តេច ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព
(សៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ររកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមកិច្ចសហការរវាង វេទិកាសន្តិភាពកម្ពុជា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង រដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ២.៧០០នាក់ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ពិធីបុណ្យដារលាន គឺជាពិធីបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ អស់រយៈពេលជាច្រើនខែមក។ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដោយសារសម្តេចតរជោ ហ៊ុន សែន បានរកឃើញ នូវនយោបាយ ឈ្នះ ឈ្នះ ហើយបាននឹងកំពុងអនុវត្តទទួលបានជោគជ័យក្នុងរយៈពេល ២៦ឆ្នាំមកនេះ។
សម្តេច បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់ដំណាក់កាល រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ដោយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំគ្របប់លំដាប់ថ្នាក់ នៃក្រុងរុនតាឯកតេជោសែន ដែលបានរួមសហការគ្នាក្នុងការដឹកនាំ គ្រប់គ្រង និងកសាង ត្បិតក្រុងថ្មីនេះ ទើបតែបង្កើតថ្មីនៅដើមឆ្នាំ២០២៤ ។ ប៉ុន្តែ ទោះជាយ៉ាងណា ក្រុងមួយនេះមានការអភិវឌ្ឍ និងការរៀបចំនគរូបនីយកម្មបានយ៉ាងល្អ ដោយមានការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម ទឹក ភ្លើង និងផ្លូវខ្វាត់ខ្វែង ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មិនដូចការលើកឡើងរបស់ជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែញ៉ុះញ៉ុងបំផុសបំផុលបំភ្ល័យការពិត ដែលតែងតែរារាំងដល់កិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕
ដោយ ៖ ថេត វិចិត្រ