អ្នកជំនាញថា បើគ្មានរនាំងបេតុង អ្នកជិះយន្តហោះកូរ៉េទាំង១៨១នាក់អាចរស់ទាំងអស់

បរទេស ៖ លោក David Learmount អ្នកជំនាញផ្នែកសុវត្ថិភាពផ្លូវអាកាសអន្តរជាតិដ៏ល្បីឈ្មោះ បានប្រាប់ Sky News ថា អ្នកដំណើរទាំង ១៨១នាក់ នៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Ai អាចនៅមានជីវិតរស់ទាំងអស់ ហើយយន្តហោះអាចគ្រាន់តែរងការខូចខាត ប្រសិនបើគ្មានរនាំងបេតុង ដែលត្រូវបានយន្តហោះបុក។

គួររម្លឹកថា កាលពីថ្ងៃអាទិត្យ យន្តហោះ Boeing 737-800 បានដឹកមនុស្ស ១៨១ នាក់ពីប្រទេសថៃ ទៅកាន់កូរ៉េខាងត្បូង តែបានរអិលចេញពីផ្លូវរត់ ពេលចុះចត ខណៈដែលមានផ្សែងហុយ ចេញពីម៉ាស៊ីន ហើយក៏បានផ្ទុះ ជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ។ មានតែនារីអូតេស ២នាក់ប៉ុណ្ណោះ នៅមានជីវិត ក្រៅពីនេះ ស្លាប់ទាំងអស។

លោក David បានអះអាងថា រនាំងបេតុងគឺជាដើមហេតុនាំឲ្យមានមហន្តរាយដ៏ខ្លាំង ដោយលោកបញ្ជាក់ថា ជញ្ជាំងនេះកំពុងជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។

លោកជឿជាក់ថា មនុស្សនៅលើយន្តហោះមានឱកាសល្អ ក្នុងការរស់រានមានជីវិត ពេលជួបហេតុការណ៍ ព្រោះអ្នកបើកបរបានចុះចតយន្តហោះដល់ដីរួចហើយ បើទោះបីជាធ្វើដំណើរ ក្នុងល្បឿនលឿនក៏ដោយ។ លោកបញ្ជាក់ថា រចនាសម្ព័ន្ធជញ្ជាំងបែបនេះ មិនគួរមានទេ ព្រោះបង្កគ្រោះថ្នាក់ខ្លាំងណាស់។

លោក Learmount បានបន្ថែមថា
ប្រសិនបើយន្តហោះមិនបានបុកជញ្ជាំង វានឹងបុកតាមរបងបរិវេណនោះ ទំនងជាឈប់ នៅទីវាលក្បែរ ខណៈដែលមនុស្សគ្រប់គ្នាប្រហែលជានៅមានជីវិត ហើយយន្តហោះរងការខូចខាតផ្នែកខ្លះ។

អ្នកជំនាញអាកាសចរណ៍ម្នាក់ទៀត គឺលោកស្រី Sally Gethin បាននិយាយថា លោកស្រី បារម្ភអំពីទីតាំងនៃជញ្ជាំងនេះ ប៉ុន្តែមិនយល់ស្របថា មនុស្សគ្រប់គ្នានឹងនៅរស់រានមានជីវិតនោះទេ ព្រោះល្បឿនយន្តហោះ នឹងបង្កើតឲ្យមានមហន្តរាយ នៅចំណុចណាមួយ។

យ៉ាងណាមិញ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង លោក Joo Jong-wan បាននិយាយការពារថា ជញ្ជាំងនៅចុងបញ្ចប់ ផ្លូវរត់ ត្រូវបានសាងសង់ តាមស្តង់ដារឧស្សាហកម្មអាកាសចរណ៍។

បើតាម Sky News រចនាសម្ព័ន្ធបេតុង នៅចុងខាងត្បូងនៃផ្លូវរត់នៅជិតរបងបរិវេណ មានជាច្រើនឆ្នាំមកហើយ ដោយមានប្រព័ន្ធឧបករណ៍ ជួយអ្នកបើកយន្តហោះចុះច តនៅពេលយប់ ឬ ពេលមើលឃើញខ្សោយ។ ហើយក៏ត្រូវបានបំពាក់ នៅអាកាសយានដ្ឋានភាគច្រើនដែរ។

ក្រុមមន្ត្រីបានលើកឡើងថា ការវាយប្រហាររបស់សត្វស្លាប ជាមូលហេតុ បណ្តាលឲ្យមានឧបទ្វេវហេតុនេះ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិកបាននិយាយថា ខ្លួននឹងដឹកនាំការស៊ីបអង្កេត ជាមួយក្រុមហ៊ុន Boeing សហការជាមួយមន្ត្រីកូរ៉េខាងត្បូង៕

ប្រភពពី Sky News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner