ក្រុមហ៊ុនអាមេរិកមួយ ចាប់អារម្មណ៍លើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញ

(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញ​ចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យ​ថាម​ពលកកេីតឡើងវិញ ដោយផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញ ។

នេះជាការគូសបញ្ជាក់របស់លោក Chris Larsen នាយកប្រតិបត្តិ និង​ជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc ក្នុងឱកាសដែលលោក និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធ​សាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប, លោក Chris Larsen នាយកប្រតិបត្តិបានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់​រហ័សលេី​គ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុង​វិស័យ​ថាមពលកកេីតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះ​សូឡា​នៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។

ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam បានគោរព​ជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែល​​បាន​ចូលរួមថែរក្សា និង អភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋ​អា​មេរិក តាមរយៈការកសាងវត្តអារាម ពិសេសនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក៏បានបង្ហាញពីបំណងចូលរួមចំណែកជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជានៅតាមទីជនបទផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោក​នាយក​ប្រតិបត្តិ​ដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅ​នឹង​គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការ​ប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅ​ឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ និងជំរុញ​ការ​ប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែល​បច្ចុប្បន្ននេះ កម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។

សម្ដេចបវរធិបតីបានបន្ថែមទៀតថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុម​ហ៊ុន​នៅ​កម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាង​ប្រជា​ជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន​បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត។

ចំពោះការរួមចំណែកថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណីខ្មែរ​នៅសហរដ្ឋ​អាមេរិក, សម្ដេចបវរធិបតី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែងកសាងវត្តអារាមនៅសហរដ្ឋអាមេរិក របស់លោក Chris Larsen និងលោកស្រី Lyna Lam។

សម្ដេចក៏បានសង្កត់ធ្ងន់ថា វត្តអារាមមិនត្រឹមតែជាទីជួបជុំសម្រាប់​សហគមន៍​ខ្មែរប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ការបណ្ដុះបណ្ដាលផ្នែកភាសា និង សិល្បៈ, ការថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ ផងដែរ។

សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Chris Larsen និងលោកស្រី Lyna Lam ឱ្យបន្តសកម្មភាពដែលគាំទ្រដល់ការថែរក្សា និងអភិរក្ស វប្បធម៌ និងប្រពៃណីខ្មែរ បន្ថែមទៀត និងរីករាយចំពោះបំណង និងសមានចិត្ត​ជួយ​ដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា។

សម្ដេចបវរធិបតីបានជម្រាបជូនអំពីសមិទ្ធផល និងវឌ្ឍនភាពនៃគោល​នយោ​បាយគាំពារសង្គម និងលើកកម្ពស់សុខុមាលភាព របស់រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈការពង្រឹងវិស័យសុខាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់​លើការ​ពង្រីកវិសាលភាព និងពង្រឹងសេវាថែទាំសុខភាពទៅដល់មូលដ្ឋាន នៅក្នុង​ក្របខ័ណ្ឌទូទាំងប្រទេស, ការអភិវឌ្ឍវិស័យអប់រំ, និងការបង្កើតការងារ​សំដៅ​លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner