លោក ពូទីន សុំទោសរឿងធ្លាក់យន្តហោះអាស៊ែបៃហ្សង់ តែមិនទទួលស្គាល់ជាស្នាដៃរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញមុខសុំទោសប្រធានាធិបតីអាស៊ែបៃហ្សង់ ទាក់ទិននឹងករណីធ្លាក់យន្តហោះពាណិជ្ជកម្មនៅក្នុងដែនអាកាសរុស្ស៊ី បណ្តាលឲ្យមនុស្ស ៣៨នាក់បានស្លាប់ ប៉ុន្តែលោកមិនបានទទួលស្គាល់ថា នេះជាស្នាដៃរបស់រុស្ស៊ីទេ។

នៅក្នុងការអត្ថាធិប្បាយដំបូងរបស់គាត់ ស្តីពីការធ្លាក់នៅថ្ងៃបុណ្យណូអែល លោក ពូទីន បាននិយាយថា សោកនាដកម្មនេះ បានកើតឡើងនៅពេលដែលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកំពុងវាយលុកយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

នៅក្នុងការសុំទោសជាសាធារណៈដ៏កម្រ លោក ពូទីន បាននិយាយថា នៅពេលនោះ ទីក្រុង Grozny, Mozdok និង Vladikavkaz បានរងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ហើយប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានឆ្លើយតបការវាយប្រហារទាំងនោះ។

ទោះបីជាយ៉ាងណា ទាំងលោក ពូទីន និងវិមានក្រឹមឡាំង មិនបានទទួលស្គាល់ដោយផ្ទាល់ថា យន្តហោះអាស៊ែបៃហ្សង់នេះ បានរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីនោះទេ ដោយរង់ចាំលទ្ធផលពីការស៊ើបអង្កេត។

អាស៊ែបៃហ្សង់មិនបានចោទប្រកាន់រុស្ស៊ីជាផ្លូវការទេក្នុងសប្តាហ៍នេះ ប៉ុន្តែរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសនេះបាននិយាយថា យន្តហោះនោះបានទទួលរងការជ្រៀតជ្រែកពីខាងក្រៅ ហើយរងការបានខូចខាតទាំងខាងក្នុង និងខាងក្រៅ នៅពេលដែលវាព្យាយាមចុះចត។

យ៉ាងណាមិញ អ្នកជំនាញអាកាសចរណ៍ និងអ្នកផ្សេងទៀតក្នុងប្រទេសអាស៊ែបៃហ្សង់ជឿថា ប្រព័ន្ធ GPS របស់យន្តហោះនោះ បានរងផលប៉ះពាល់ដោយសារប្រព័ន្ធអេឡិចត្រូនិច និងរងការវាយប្រហារពីមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី។ អ្នកនៅរស់រានមានជីវិតក្នុងហេតុការណ៍នេះ ក៏ធ្លាប់បានរាយការណ៍ដែរថា បានឮសំឡេងផ្ទុះខ្លាំង មុនពេលយន្តហោះធ្លាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner