ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងសរុបជាង ៥០០ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៤សំណុំរឿង
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤កន្លងមកនេះអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានទទួលពាក្យបណ្តឹងសរុបចំនួន
៥២០ ពាក្យប្ដឹងក្នុងនោះពាក្យប្ដឹងអានាមឹកមាន ១៤១ ស្មើនឹង ២៧,១២ភាគរយ និងពាក្យប្ដឹងចំនួន ១៣២ មិនពាក់ព័ន្ធអំពើពុករលួយ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៤២ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ក្នុងចំណោមពាក្យប្តឹងទាំងជាង៥រយនេះដែរមានពាក្យប្ដឹងចំនួន ១៨៥ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ ក្នុងនេះ អន្តរាគមន៍ឲ្យជួយដោះស្រាយ ៧ពាក្យប្ដឹង។

ឯកឧត្តមបានលើកឡើដោយបញ្ជាក់បន្ថែមថា៖ចំ”ពោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៤សំណុំរឿង ,កំពុងបន្តនីតិវិធីស្រាវជ្រាវ ១៦១ ពាក្យប្ដឹង, រក្សាទុកតាមដាន ២០ ពាក្យប្ដឹង។ក្រៅអំពីនេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៤៥ពាក្យប្ដឹងផងដែរ” ។

ឯកឧត្តម សយ ច័ន្ទ វិចិត្របានថ្លែងឱ្យដឹងដែរថា៖ ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ២០២៤វិញក្នុងនេះគិតទាំងការប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមរបប២ឆ្នាំ អង្គភាពបានទទួល ១៧.៦៦៩រូប,តែងតាំងថ្មី ១៣៤០៤រូប, លាលែង ចប់អាណត្តិ ២២២៣រូប, បញ្ឈប់ពីមុខតំណែង ៣២រូប, ចូលនិវត្តន៍ មកប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងឆ្នាំ២០២៤ មានចំនួន ១២.២៥៨រូប។

ឯកឧត្តមបានឱ្យដឹងបន្ថែមផងថា ដោយឡែកក្នុងខែធ្នូនេះវិញ មាន មន្ត្រីចំនួន ១៣៧រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះ មន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១រូប ដោយឡែកមន្ត្រី៥៦រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិង បំណុល ដោយមូលហេតុ តម្រូវការនៃការស៊ើបអង្កេត បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ ៕
អត្ថបទ ៖ ម៉ាដប៉ូ
រូបភាព ៖ ហេងសម្បត្តិ
