ព្រឹត្តិការណ៍”សាទរកម្ពុជា” ប្រជាពលរដ្ឋនិងទេសចរជាតិ អន្តរជាតិ កុះករនៅខាងមុខព្រះរាជវាំងតាំងពីពេលរសៀល
ភ្នំពេញ៖ចាប់តាំងពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ប្រារព្ធព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នាខាងមុខព្រះបរមរាជវាំង ពោរពេញទៅដោយប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកទស្សនាការតុបតែងរូបភាពល្អប្លែកពុំធ្លាប់មានពីមុនមក ។

ជាមួយការតុបតែង និងរូបភាពដាក់តាំងទាំងឡាយ បានទាក់ទាញអ្នកធ្វើដំណើរកម្សាន្ត្ត និងរង់ចាំទស្សនាទស្សនីយភាពនានា
ដែលនឹងចាប់ផ្តើមនៅពេលថ្ងៃអស្តង្គត រហូតពាក់កណ្ដាលអធ្រាត្រនៃការប្រារព្ធពិធីឆ្លងឆ្នាំ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា» ឆ្នាំ២០២៤ កាលពីថ្ងៃទី៣០ ខែធ្នូបានឱ្យដឹងថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា» មានកិត្តិយសសូមជម្រាបជូនសាធារណជននិងបណ្តា ផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបថាព្រឹត្តិការណ៍ «សាទរកម្ពុជា” ឬ “Celebrating Cambodia” នឹងប្រារព្ធឡើងនៅ វេលាអស្តង្គតចាប់ពីម៉ោង៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើង «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។

ព្រឹត្តិការណ៍ “សាទរកម្ពុជា» ជា ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ មោទនភាព ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។

គណៈកម្មការរៀបចំ បានបញ្ជាក់ដល់អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយទៅកាន់សាធារណៈ ជនឱ្យបានទូលំទូលាយ ដើម្បីចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia»៕
ដោយ៖ ខាន់ ទិត្យវីរ៉ាយ៉ា



