ឯកឧត្តម ជា វ៉ាន់ដេត ៖ រយៈពេលពេញមួយឆ្នាំ២០២៤ រដ្ឋបាលខេត្តតាកែវ បានខិតខំសម្រេចសមិទ្ធផល និងស្នាដៃជាច្រើន
(តាកែវ)៖ រយៈពេលពេញមួយឆ្នាំ២០២៤ បើទោះបីជាមានផលប៉ះពាល់បណ្ដាលមកពីបញ្ហាប្រឈម ស្មុគ្រស្មាញ ក៏ដោយ ក្រសួងស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចបាន រួមសហការគ្នា ហើយខិតខំសម្រេចសមិទ្ធផល និង ស្នាដៃជាច្រើនក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយ ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម បានយ៉ាងល្អប្រសើរដែលធានាដល់ការរស់នៅដ៏សុខ សាន្ដរបស់ប្រជាជន ជាពិសេសការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

ទន្ទឹមនឹងនេះ ការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក៏មានវឌ្ឍនភាពយ៉ាងល្អប្រសើរ ក្នុងនោះ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង នីតិវិធីបំពេញការងារ របស់ រដ្ឋបាល ថ្នាក់ ក្រោមជាតិត្រូវបានរៀបចំ និងត្រូវបានពង្រឹងទាំងក្នុងក្របខ័ណ្ឌស្ថាប័ន ការលើកកម្ពស់ សមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្ដ ការងារ ដើម្បីធានាដល់ការលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅ នឹងតម្រូវការ របស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងចំគោលដៅ។

នេះជាប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ នៅសាលាខេត្តតាកែវ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្ដម បញ្ជាក់បន្ថែមថា សមិទ្ធផលដែលសម្រេចបានកន្លងមកនេះ ក៏បានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃ រដ្ឋសភា ។

ឯកឧត្តម ជា វ៉ាន់ដេត បន្តថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។ ក្នុងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការ កែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ផ្អែកលើគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ និងដើម្បីបន្តថែរក្សា និងពង្រឹងពង្រីកនូវសមិទ្ធផលសង្គមជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតនៅក្នុង ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ណែនាំលើកិច្ចការ អាទិភាពសំខាន់ៗ មួយចំនួន ៖ ទី១.បន្តចូលរួមចំណែកថែរក្សាការពារសន្តិភាពដែលជាកត្តាគន្លឹះក្នងការអភិវឌ្ឍប្រទេស ។ ទី២.បន្តជំរុញចលនាអនុវត្តគោលនយោ បាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិ-ភាព” ។ ទី៣.បន្តទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ។ ទី៤.បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ទី៥. បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ។ ទី៦. បន្តពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ ទី៧. បន្តការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្ត។ ទី៨.បន្តថែរក្សា ការពារ និងពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន ទី៩. ត្រូវពង្រឹងការថែរក្សាការពារ និងការគ្រប់គ្រងធនធានធម្មជាតិ និងផ្តល់កិច្ចសហការក្នុងការចុះបញ្ជីដីធ្លី ទី១០. បន្តការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងទី១១. ការពង្រឹងរបៀបរបបការងារ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
