ឆ្នាំ២០២៤ ចំនួនប្រជាជនទូទាំងពិភពលោកកើនឡើងបន្ថែម ៧១លាននាក់ នាំឱ្យចំនួនសរុបកើនជាង ៨ពាន់លាននាក់
ចំនួនប្រជាជនទូទាំងពិភពលោកបានកើនឡើងជាង ៧១លាននាក់បន្ថែមទៀតនៅក្នុងឆ្នាំ ២០២៤ តួលេខនេះ ធ្វើឱ្យចំនួនប្រជាជនសរុបស្ទុះឡើងដល់ ៨.០៩ពាន់លាននាក់គិតត្រឹមថ្ងៃចូលឆ្នាំសកល។ នេះបើយោងតាមការប៉ាន់ស្មានរបស់ការិយាល័យជំរឿនប្រជាជនរបស់សហរដ្ឋអាមេរិក ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ។
យោងតាមការប៉ាន់ស្មានបានបង្ហាញថា ចំនួនប្រជាជនទូទាំងពិភពលោកបានកើនឡើងចំនួន ០.៩ភាគរយក្នុងឆ្នាំ ២០២៤ តួលេខនេះធ្លាក់ចុះបន្តិចប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០២៣ ដែលបានកើនឡើងចំនួន ៧៥លាននាក់។
នៅក្នុងឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងចំនួនប្រជាជនចំនួន ២.៦លាននាក់បន្ថែមទៀត តួលេខនេះ ធ្វើឡើងចំនួនប្រជាជនអាមេរិកសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃចូលឆ្នាំសកល កើនឡើងដល់ ៣៤១លាននាក់។ នេះបើយោងតាមការិយាល័យជំរឿនប្រជាជនរបស់អាមេរិក។
សហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថា នឹងមានកំណើតម្តងរៀងរាល់ ៩វិនាទី និងស្លាប់ម្នាក់រៀងរាល់ ៩.៤វិនាទី នៅក្នុងខែមករា ឆ្នាំ២០២៥។ រីឯការធ្វើចំណាកស្រុកអន្តរជាតិ ត្រូវបានរំពឹងថា នឹងបន្ថែមមនុស្សម្នាក់ចូលទៅក្នុងចំនួនប្រជាជនអាមេរិកសរុបរៀងរាល់ ២៣.២វិនាទី។
ការិយាល័យជំរឿនប្រជាជនបាននិយាយថា ការរួមបញ្ចូលគ្នានៃការផ្តល់កំណើត, ការស្លាប់ និងការធ្វើចំណាកស្រុកអន្តរជាតិសុទ្ធ នឹងបង្កើនចំនួនប្រជាជនអាមេរិក យ៉ាងហោចណាស់ម្នាក់រៀងរាល់ ២១.២វិនាទី។
សូមរម្លឹកថា កាលពីឆ្នាំ ២០២០ ចំនួនប្រជាជនអាមេរិកបានកើនឡើងខ្ពស់បំផុតដល់ជិត ៩.៧លាននាក់ ជាមួយនឹងអត្រាកំណើនចំនួន ២.៩ភាគរយ។ ចំណែកនៅទសវត្សរ៍ឆ្នាំ ២០១០ ចំនួនប្រជាជនអាមេរិកបានកើនឡើង ៧.៤ភាគរយ តួលេខនេះជាអត្រាទាបបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៣០៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា