ក្រុមនិស្សិតកូរ៉េ ទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ២សប្ដាហ៍ ដើម្បីបង្កើនការយល់ដឹងអំពីសហគមន៍ និងវប្បធម៌
(សៀមរាប)៖ ក្រុមនិស្សិតកូរ៉េខាងត្បូងចំនួន ២៣នាក់ បានបំពេញទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណង សិក្សាស្វែងយល់ អំពីការងារស្ម័គ្រចិត្ត កម្មវិធីអភិវឌ្ឍន៍សហគមន៍ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ។
សាស្រាចារ្យ យុន ស៊ឹងចូ (Ph.D. Yoon Seung-joe) ប្រធានសាកលវិទ្យាល័យជាតិដឹកជញ្ជូន នៃសាធារណៈរដ្ឋកូរ៉េ បានឲ្យដឹងថា ក្រុមនិស្សិតនេះ បានចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តសហគមន៍ ដូចជា ការចែករំលែកបទពិសោធន៍ និងការចូលរួមអភិវឌ្ឍសហគមន៍ក្នុងតំបន់សៀមរាប។ ពួកគេបានជួយសាលាបឋមសិក្សា និងសហគមន៍ក្រីក្រ ដោយផ្តល់សម្ភារៈសិក្សា កីឡា និងម៉ាស៊ីនព្រីនធ័រ ដើម្បីលើកកម្ពស់គុណភាពអប់រំ ។
ក្រុមនិស្សិតកូរ៉េ បានចូលរួមអប់រំសិស្ស សាលាបឋមសិក្សាគោកត្នោត ផ្នែកអនាម័យ សិក្សាសង្គម គំនូរ និងគណិតវិទ្យា ។ ពួកគេ ក៏បានជួសជុលបន្ទប់ទឹក បង្កើតសួនច្បារ និងសម្តែងសិល្បៈរួមគ្នា ជាមួយសិស្សកម្ពុជា ដើម្បីលើកស្ទួយវប្បធម៌ទ្វេភាគី ។
លោក ពេជ្រ សារ៉ាត់ នាយកសាលាបឋមសិក្សា គោកត្នោត បានឲ្យដឹងថា សាលានេះ មានសិស្ស ចូលរៀនចំនួន ៥០៥នាក់ និងមានកង្វះថ្នាក់រៀន។ ក្រុមនិស្សិតកូរ៉េ បានជួយបំពេញសេដ្ឋកិច្ចសាលា និងបង្កើនលទ្ធភាពអប់រំ ។
ក្នុងឱកាសនេះ ក៏មានការផ្សព្វផ្សាយល្ខោនស្បែកតូច និងស្បែកធំ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប ដើម្បីបង្ហាញសម្បត្តិវប្បធម៌ខ្មែរ និងលើកកម្ពស់ការយល់ដឹងអំពីមរតកវប្បធម៌ ដ៏មានតម្លៃ ។
ទស្សនកិច្ចនេះ មិនត្រឹមតែបង្កើនការយល់ដឹងអំពី សហគមន៍ និងការងារស្ម័គ្រចិត្តទេ ប៉ុន្តែ ក៏បានជួយពង្រឹងទំនាក់ទំនងវប្បធម៌ និងភាពស្របចិត្ត រវាងប្រជាជនកម្ពុជា និងកូរ៉េខាងត្បូងផងដែរ ៕






ដោយ ៖ វណ្ណលុក