អ្នករាប់ថយក្រោយនៅថៃរត់ចែកជើងព្រាត ក្រោយឆេះភោជនីយដ្ឋាននៅយប់ឆ្លងឆ្នាំ
បាងកក៖ ភោជនីយដ្ឋានមួយកន្លែង នៅប្រទេសថៃ ត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ភ្លាមៗ នៅវេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១ មករា ឆ្នាំ២០២៥ ដោយបានបង្ខំឱ្យអ្នករាប់ថយក្រោយទាំងអស់ រត់ចែកជើងព្រាត ដើម្បីសុវត្ថិភាព នេះបើតាមការចេញផ្សាយរបស់ កាសែត The Star។
បើតាមប្រភព បានឲ្យដឹងថា កាំជ្រួចរាប់ថយក្រោយ ត្រូវបានដាក់ការសង្ស័យ ជាបឋមថា អាចជាមូលហេតុ បណ្តាលឲ្យមានការឆាបឆេះភោជនីយដ្ឋាន ដែលស្ថិតនៅជិតឆ្នេរ Wonnapha ក្នុងស្រុក Muang នៃខេត្ត Chonburi មួយនេះ។
គ្រោះអគ្គីភ័យបានកើតឡើង នៅវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រ ដោយផ្តើមឆេះ នៅដំបូលភោជនីយដ្ឋាន រួចក៏ រាលរាលដល់សំណង់ឈើ យ៉ាងឆាប់រហ័ស។ ការសាកសួរបឋម បានបញ្ជាក់ថា ដំបូលត្រូវបានឆាបឆេះដោយសារកាំជ្រួចរាប់ថយក្រោយ នៅក្នុងតំបន់ភោជនីយដ្ឋាន។ អ្នកគ្រប់គ្រង និងបុគ្គលិកមានការភ័យស្លន់ស្លោយ៉ាងខ្លាំង ចំពោះអគ្គិភ័យ ដែលរីករាលដាលយ៉ាងឆាប់រហ័ស ហើយបាននាំគ្នារត់យ៉ាងប្រញាប់ប្រញាល់ចេញពីទីនោះ ទាំងកណ្តាលអធ្រាត។
យ៉ាងណាមិញ អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ពន្លត់ភ្លើង ឲ្យរលត់វិញ ដោយបានចំណាយពេលជាង៣០នាទី។ កម្លាំងជំនាញ បានចុះធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងប្រមូលវត្ថុតាង ហើយគ្រោងនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកពាក់ព័ន្ធ នឹងគ្រោះអគ្គិភ័យនេះ។
យ៉ាងណាមិញ ពុំមានការចុះផ្សាយពីមនុស្សរងរបួស ឬ ស្លាប់នៅឡើយទេ នេះបើតាម The Star៕
ប្រភពពី The Star ប្រែសម្រួល៖ សារ៉ាត