លោក ឡេង តុង ជាប់ជ័យលាភីលេខ២វិញ្ញាសា ៤២គីឡូម៉ែត្រ ក្នុងប្រភេទអាយុ ៤៦ឆ្នាំឡើង ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន
(ភ្នំពេញ)៖ លោក ឡេង តុង ជាកីឡាកររត់ប្រណាំង ដើម្បីសុខភាពមួយរូបនៅ រាជធានីភ្នំពេញ ដែលតែងតែបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌នានា ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបំបែកកំណត់ត្រារបស់ខ្លួនគួឱ្យភ្ញាក់ផ្អើល ដោយការរត់លើកដំបូងរបស់លោកក្នុងវិញ្ញាសារត់ចម្ងាយឆ្ងាយ៤២គីឡូម៉ែត្រទទួលបានចំណាត់លេខ២ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន កាលថ្មីកន្លែងទៅនេះ ដែលរៀបចំ ក្រោមកិច្ចសហការចំនួន៣ប្រទេស មានកម្ពុជាឡាវ និងវៀតណាម នៅខេត្តសៀមរាប ។
សូមបញ្ជាក់ដែរថា បុរសវ័យ ៥២ឆ្នាំរូបនេះ ភាគច្រើនលោករត់ វិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ខណៈ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិធំៗដូចជា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុអន្តរជាតិភ្នំពេញ និងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរម៉ារ៉ាតុងនៅសៀមរាប លោកបានចូលរួមមិនដែលអាក់ខានឡើយ ។
កំណត់ត្រាថ្មីក្នុងឆ្នាំ២០២៤ របស់កីឡាកររត់ក្រៅអាជីពរូបនេះ បានបំបែកកំណត់ត្រារបស់ខ្លួន សម្រាប់ការចូលរួមលើកដំបូងលើវិញ្ញាសារត់ចម្ងាយឆ្ងាយ៤២កីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។
ជ័យលាភីលេខ២ ក្នុងចម្ងាយ ៤២គីឡូម៉ែត្រ ដែលជាកំណត់ត្រាថ្មីរបស់លោកនេះ គឺ លោកបានប្រើថេរៈវេលា ៣.២៩នារី លើប្រភេទអាយុ ៤៦ឆ្នាំឡើង ដែលមានកីឡាករកីឡាការិនី ២២នាក់ ខណៈចំណាត់ថ្នាក់ រួមជាប់លេខ ១៥ ក្នុងចំណោមកីឡាករជាតិនិងអន្តរជាតិចូលរួមចំនួន ២០០នាក់ ។
លោក ឡេង តុង បានគូសបញ្ជាក់ថា សមិទ្ធផលល្អដែលទទួលបានក្នុងព្រឹត្តិការណ៍រត់ចម្ងាយ៤២គីឡូម៉ែត្រ ដែលលោកបានចូលរួមជាលើកដំបូងនេះ បានជំរុញលើកទឹកឱ្យលោក កាន់តែបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីបោះជំហានចូលរួមរត់ក្នុងព្រឹត្តិការណ៍ធំៗនៅអន្តរជាតិ ក្នុងនាមជាកីឡាករកម្ពុជា។ តាមគម្រោងរបស់លោក នៅក្នុងឆ្នាំ២០២៥នេះ លោកនឹងបន្តការចូលរួមរត់នៅប្រទេសក្រៅប្រទេស ដែលជាប្រទេសនៅអឺរ៉ុប ជាការបង្ហាញខ្លួនលើកដំបូង។
គួរឱ្យដឹងដែរថា លោក ឡេង តុង ជាអ្នករត់សប្បុរសធម៌មួយរូប តែងតែចូលរួមរត់ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ ហើយ ការចូលរួមរបស់លោក ភាគច្រើនរត់ចម្ងាយ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ ។ លោក ឡេង តុង បច្ចុប្បន្នមានវ័យ៥២ឆ្នាំហើយ លោកក៏មានកូនប្រុស ឈ្មោះ ឡេង សារិនរាជ ជាកីឡាករជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា ជាកីឡាករមួយរូប ក្នុងចំណោមកីឡាករកម្ពុជា៤រូប ដែលបានប្រជែងឈ្នះកៅអីDAVIS CUP ឡើងទៅកាន់គ្រុបទី៣ឆ្នាំ២០២៥ ៕
ដោយ ៖ ជាវ ចន្ធូ