មនុស្សយន្តរបស់ Toyota បំបែកឯតទគ្គកម្មពិភពលោក បោះបាល់បានឆ្ងាយបំផុត
តូក្យូ ៖ ធ្លាប់តែជាក្រុមហ៊ុនមានឈ្មោះបោះសំឡេងខាងផលិតឡានលើពិភពលោក តែឥឡូវនេះ Toyota ស្រាប់តែបញ្ចេញមនុស្សយន្តឆ្លាតវៃ ជាមួយនឹងសមត្ថភាពមិនធម្មតា ដោយវាអាចបោះបាល់បានឆ្ងាយបំផុត រហូតបំបែកឯតទគ្គកម្មពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន interesting engineering។
មនុស្សយន្តដំណើរការដោយបច្ចេកវិទ្យា AI នេះ មានសមត្ថភាពបោះបាល់បានចម្ងាយជិត ២៥ម៉ែត្រ ធ្វើឱ្យមនុស្សយន្តរបស់ Toyota មួយនេះ បំបែកឯតទគ្គកម្មពិភពលោក និងត្រូវបានទទួលស្គាល់ដោយស្ថាប័ន Guinness World Records (GWR)។
ស្នាដៃនេះសម្រេចបាននៅទីក្រុង Nagakute នៃប្រជុំកោះ Aichi ប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ខែកញ្ញា នៅក្នុងទីលានបោះបាល់ NBA មួយកន្លែង ដែលមានប្រវែងប្រហែល ២៩ម៉ែត្រ។
អ្នកស្ម័គ្រចិត្តនៃក្រុមហ៊ុន Toyota ចំនួន ៩នាក់ បានបង្កើត CUE ជាមនុស្សយន្តលេងបាល់បោះដំណើរការដោយបច្ចេកវិទ្យា AI ក្នុងឆ្នាំ ២០១៧ អំឡុងពេលទំនេររបស់ពួកគេ។
មនុស្សយន្ត CUE ចាប់ផ្តើមរចនារូបរាងដំបូងជាគំរូ LEGO មុនពេលអភិវឌ្ឍទៅជាអ្នកលេងបាល់បោះពិតប្រាកដ។ លើសពីរូបរាងដ៏គួរឱ្យចាប់អារម្មណ៍របស់វា មនុស្សយន្ត CUE មានភាពវៃឆ្លាតមិនគួរឱ្យជឿ។ ដោយប្រើ AI ដើម្បីរៀនពីកំហុស មនុស្សយន្ត CUE6 អាចកែតម្រូវគោលដៅ ជំហរ ការប៉ាន់ស្មានកម្លាំងដៃ និងកម្លាំងបោះបាល់បានភ្លាមៗ ដូចអត្តពលិកចង់បាន។
ស្នាដៃនេះបានបង្ហាញពីការយកចិត្តទុកដាក់នៃអ្នកស្រាវជ្រាវរបស់ Toyota ចំពោះការច្នៃប្រឌិត និងបង្កើតមនុស្សយន្តដំណើរការដោយ AI ទំនើបនៅក្នុងវិស័យកីឡា។ ចក្ខុវិស័យសម្រាប់ថ្ងៃអនាគត ពួកគេស្រមៃចង់បង្កើតមនុស្សយន្តដែលអាចអនុវត្តជំនាញកីឡាបាល់បោះដ៏ស្មុគស្មាញ ដូចក្នុងខែ្សភាពយន្តគំនូជីវចល slam dunk៕
ប្រភព ៖ interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា