ម្តាយ Elon Musk គឺជា Influencer ល្បីឈ្មោះ ទោះបីមានវ័យ៧៦ឆ្នាំ
បរទេស៖ លោកស្រី Maye Musk ដែលត្រូវជាម្តាយរបស់លោកមហាសេដ្ឋីពិភពលោក Elon Musk គឺជាបុគ្គលេចធ្លោ ឬ Influencer ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសចិន បើទោះបីជាលោកស្រី មានវ័យ៧៦ឆ្នាំ ក៏ដោយ។
កាសែត VNexpress បានចុះផ្យាយថា ស្ត្រីស៊ីវីល័យ មានដើមកំណើត នៅប្រទេសកាណាដា រូបនេះ កំពុងទទួលបានប្រជាប្រិយភាព យ៉ាងឆាប់រហ័ស នៅប្រទេសចិន។ លោកស្រី Maye Musk ដែលជាអ្នកតមអាហារ និងជាតារាបង្ហាញម៉ូដ បានធ្វើដំណើរ ទៅកាន់ប្រទេសចិន ជាញឹកញាប់ ចាប់តាំងពីឆ្នាំមុន ដោយទទួលបានការតាមដានយ៉ាងរហ័ស ពីសាធារណជនចិន ដែលចង់ស្វែងយល់បន្ថែម អំពីជំនួញ ម្តាយកូនទាំងពីរ រូបនេះ។
លោកស្រីមានភាពល្បីល្បាញខ្លាំង ព្រោះទទួលបានអ្នកតាមដាន ឬ Follower យ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ចិន រួមមានទាំង អ្នកតាមដានប្រហែល ៥៧ម៉ឺន៥ពាន់នាក់ នៅបណ្តាញសង្គម Xiaohongshu និង ៣៥ម៉ឺន៥ពាន់នាក់ នៅបណ្តាញសង្គម Douyin។ អ្នកគាំទ្របានសរសេរ នៅលើបណ្តាញសង្គម Weibo កោតសរសេរលោកស្រីថា ជាស្ត្រីដ៏អស្ចារ្យម្នាក់នេះក្នុងដំណើរជីវិត ដោយបានប្រែក្លាយពីស្ត្រីមេផ្ទះ ទៅជាកំពូលតារាបង្ហាញម៉ូតដ៏ល្បីលើពិភពលោក ហើយចិញ្ចឹមកូន ក្លាយជាមហាសេដ្ឋី បីនាក់ បានដោយជោគជ័យ ដែលមើលទៅ អស្ចារ្យជាងតារាភាពយន្តហូលីវូដ ទៅទៀត។
លោកស្រីYaling Jiang ស្ថាបនិកនៃ ព្រឹត្តិបត្រព័ត៌មានស្តីពីអ្នកប្រើប្រាស់ចិន Following the Yuan បាននិយាយថា លោកស្រីទទួលបានប្រជាប្រិយភាពលើសមត្ថភាពបែបមនុស្ស ចាស់យ៉ាងគួរឱ្យស្រឡាញ់ ហើយក្នុងចំណោមអ្នកលេងបណ្តាញសង្គមតាមដានជីវិតលោកស្រី Maye Musk មាន ៨៥% គឺជាស្ត្រី។
នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Women’s Wear Daily លោក Elon Musk បានអះអាងថា ម្តាយរបស់លោកបានធ្វើដំណើរ ទៅកាន់ទីក្រុងចំនួន១២ របស់ប្រទេសចិន កាលពីឆ្នាំមុន ចូលរួមធ្វើជាវាគ្មិនផង និងការងារបង្ហាញម៉ូដផ្សេងៗ នេះបើតាមកាសែត CNBC។
កាលពីខែធ្នូ លោកស្រី បានចូលរួមក្នុងកម្មវិធីអាហារពេលល្ងាច នៅទីក្រុង Hangzhou, ដើរលើកម្រាលព្រំក្រហម ផ្សព្វផ្សាយម៉ាកគ្រឿងសំអាង នៅទីក្រុង Wuhan និងបានចុះហត្ថលេខា លើច្បាប់ចម្លងនៃសៀវភៅរបស់លោកស្រី ដែលមានចំណងជើងថា «A Woman Makes a Plan»។ លោកស្រីអះអាងថា សៀវភៅនេះលក់ដាច់បំផុត ក្នុងប្រទេសចិន នេះបើយោងតាមកាសែត The Guardian ។
នៅក្នុងប្រទេសចិន លោកស្រីត្រូវបានគេដាក់រហ័សនាមថា «អាវុធសម្ងាត់» ដែលមានសមត្ថភាពជំរុញសុច្ឆន្ទៈ បំពេញបន្ថែមលើជំនួញសកលលោក ពាក់ព័ន្ធនឹងនយោបាយបណ្តាក់ទុន របស់កូនប្រុស។ ថ្មីៗនេះ លោកស្រី បានចែករំលែករូបថតឡានTesla នៅទីក្រុងសៀងហៃ ដែលតុបតែងដោយរូបបេះដូងនិងភ្នែក ទៀតផង។
លោកស្រីបានកោតសរសើរចិនថា ជាប្រទេសជឿនលឿនខ្លាំង ខាងផ្លូវថ្នល់ ផ្លូវរូងក្រោមដី អគារ ហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែ គួរឲ្យចាប់អារម្មណ៍ខ្លាំង សម្រាប់ការធ្វើទស្សនកិច្ច។ លោកស្រី Maye Musk ធ្លាប់បានប្រាប់ថា ជនជាតិចិន រួសរាយរាក់ទាក់ ហើយសប្បាយចិត្ត ពេលបានជួបលោកស្រី ម្តងៗ។ លោកស្រីបន្តថា នាពេលបច្ចុប្បន្ននេះ មិត្តភក្តិរបស់លោកស្រី សុទ្ធតែចង់ទៅលេងប្រទេសចិន៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត