Trump ៖ ការវាយប្រហារស្លាប់មនុស្ស១៥នាក់នៅ New Orleans ទាក់ទងនឹងជនអន្តោប្រវេសន៍

បរទេស ៖ លោក ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump បានភ្ជាប់ការវាយប្រហារហ្វូងមនុស្ស ស្លាប់១៥នាក់នៅ New Orleans ទៅនឹងជនអន្តោប្រវេសន៍ខុសច្បាប់។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោច១៥បានស្លាប់ និងរបួសជាច្រើននាក់ទៀត ក្នុងហេតុការណ៍រថយន្ដមួយគ្រឿងបើកបំបុកហ្វូងមនុស្ស នៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans សហរដ្ឋអាមេរិក។ សាក្សីបានរាយការណ៍ថា ខណៈមនុស្សម្នាកំពុងអបអរសាទរថ្ងៃបុណ្យ ចូលឆ្នាំសកស មានរថយន្ដមួយគ្រឿងបានបើកបំបុកចូលក្នុងចំណោមហ្វូងមនុស្ស ក្នុងល្បឿនយ៉ាងលឿន ហើយក្រោយមក អ្នកបើកបរបានចេញពីរថយន្ដ និងបានបើកការបាញ់ប្រហារ ជាហេតុធ្វើឱ្យប៉ូលិស នៅក្បែរនោះ បាញ់តបត ទៅវិញ។

លោក Donald Trump បានភ្ជាប់ការវាយប្រហារនេះ ទៅនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ លោក Trump បានបង្ហោះនៅលើបណ្តាញសង្គមថា « ខ្ញុំបាននិយាយច្រើនលើកមកហើយថា ឧក្រិដ្ឋជនដែលចូលមក គឺ អាក្រក់ជាងឧក្រិដ្ឋជន ដែលយើងមាននៅក្នុងប្រទេស…ពេលនេះ វាបានប្រែក្លាយជាការពិតហើយ»។

បញ្ហាជនអន្តោប្រវេសន៍នេះ ត្រូវបានលោក Trump យកធ្វើជាប្រធានបទ ឃោសនាបោះឆ្នោតកន្លងមក ហើយសន្យាថា នឹងនិរទេសខ្លួនទ្រង់ទ្រាយធំ លើក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកទឹកដីអាមេរិក ពេលដែលលោកកាន់តំណែងផ្លូវការ នៅខែនេះ។

យ៉ាងណាមិញ FBI បានចេញផ្សាយរូបថតលិខិតឆ្លងដែន របស់ជនសង្ស័យ ​វាយប្រហារ នៅទីក្រុង New Orleans ដែលបានស្លាប់ មានឈ្មោះថា Shamsud-Din Jabbar ជនជាតិអាមេរិក អាយុ ៤២ឆ្នាំ មកពីរដ្ឋតិចសាស់ និងជាទាហានជើងចាស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner