ខេត្តសៀមរាបស្រូបបានភ្ញៀវទេសចរជិត១០ភាគរយក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
សៀមរាប៖ក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល២ថ្ងៃនៃដំណាច់ឆ្នាំ២០២៤ ឆ្លងចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ មាន ភ្ញៀវទេសចរជាតិ អន្តរជាតិធ្វើដំណើរកម្សាន្តទូទាំងប្រទេសជាង៣,៥លាននាក់ ខណៈខេត្តសៀមរាបប្រកាសថា មាន ទេសចរជាតិ អន្តរជាតិជាង៣៣ម៉ឺននាក់មកកម្សាន្តឆ្លងឆ្នាំនៅទឹកដីទេសចរណ៍វប្បធម៌មួយនេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២៥ ក៏ដូចជាបណ្ដាខេត្តដទៃ ពិសេសរាជធានីភ្នំពេញដែលប្រារព្ធព្រឹត្តិការណ៍ ”សាទរ កម្ពុជា”ដែលជាព្រឹត្តិការណ៍បង្កើតភាពរីករាយ និងទាក់ទាញទេសចរដ៏ធំនោះ នៅខេត្តសៀមរាបឯណោះវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ទេសចរណ៍សំខាន់ៗពោរពេញទៅដោយមនុស្សម្នាប្រុសស្រីក្មេង ទាំងជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តនិងទស្សនាទស្សនីយភាពនានាដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ។រាត្រីឆ្លងឆ្នាំ ចំណុចដែលទាក់ទាញបំផុតសម្រាប់ប្រជាពលរដ្ឋ និងទេសចរ មានដូចជា សួនខាងមុខព្រះរាជដំណាក់ តំបន់ដងស្ទឹងប្រវត្តិសាស្រ្តសៀមរាប សួនទឹករាំតាមចង្វាក់ភ្លេងទើបបង្កើតថ្មី និងពិសេសជាងគេគឺ វិថីរាត្រី ផាប់ស្រ្ទីត ដែលជាចំណុចនៃការកម្សាន្តពេលរាត្រី។
រយៈពេលចុងក្រោយនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចូលរួមដោយវិស័យឯកជនផងបានបង្កើតកន្លែងទស្សនាថ្មីៗនិងបង្កើតព្រឹត្តិការណ៍ជាច្រើនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិកម្សាន្ត។
តួលេខដំបូងដែលបញ្ជាក់ឱ្យដឹងដោយមន្ទីរទេសចរណ៍ខេត្តសៀមរាបថា នៅថ្ងៃឆ្លងឆ្នាំសកល២០២៤ឈានចូល ឆ្នាំ២០២៥ ខេត្តទទួលបានភ្ញៀវចំនួន ៣៣៣ ៦៦០ នាក់ ។ចំនួននេះកើនឡើងប្រមាណ ៩.៧៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែមានចំនួន៣០៤ ៦៤០នាក់។ក្នុងចំនួនភ្ញៀវជាង៣៣ម៉ឺននាក់ មានភ្ញៀវទេសចរជាតិចំនួន ៣២៣.៤០០នាក់ កើនឡើងប្រមាណ៩.៦៣ភាគរយ ,ទេសចរអន្តរជាតិ ១០ ២៦០នាក់កើនឡើង ១៣.២០ភាគរយ។
ដោយឡែកក្រសួងទេសចរណ៍បានប្រកាសឱ្យដឹងថា ទេសចរជាតិ និងអន្តរជាតិធ្វើកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤មានចំនួន ៣ ៥៣៥ ៣២៥នាក់ ក្នុងនោះទេសចរជាតិប្រមាណ ៣ ៤៨៨ ០៦៥ នាក់ និងទេសចរអន្តរជាតិប្រមាណ ៤៧ ២៦០នាក់ ៕




អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា,មុនី