បង្កើតព្រឹត្តិការណ៍អបអរបុណ្យឆ្លងឆ្នាំសកល ខេត្តកែបទាក់ទាញទេសចរចម្រុះជាង១១ម៉ឺននាក់
កែប៖ដើម្បីអបអរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ជាខេត្តជាប់មាត់សមុទ្រ, រដ្ឋបាលខេត្តកែបបានរៀបចំកម្មវិធីជាច្រើន មានដូចជា ការបង្ហោះខ្លែង ប្រឡងចម្រៀងបុរាណ សម័យ សម្តែងល្ខោនបាសាក់ ការប្រណាំងទូកផ្កាចា បង្ហោះគោម បាញ់កាំជ្រួច និងប្រគំតន្ត្រីជាដើម ។ព្រឹត្តិការណ៍នេះបានធ្វើឱ្យខេត្តកែបទទួលភ្ញៀវជាតិ អន្តរជាតិជាង១១ម៉ឺននាក់ ។
លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា នៅដំណាច់ឆ្នាំ២០២៤ និងឆ្លងចូលឆ្នាំ២០២៥ ខេត្តកែបបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្ត ចំនួន ១១៩ ៨៧៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន១១ ៩២៤៩នាក់, ភ្ញៀវបរទេស៦២៩នាក់ ។ពិធីអបអរបុណ្យឆ្លងឆ្នាំបាននេះរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់ ។ល។
លោកប្រធានមន្ទីរបានពណ៌នាថា ទិដ្ឋភាពនៃពិធីបុណ្យឆ្លងឆ្នាំ ឆ្នាំនេះ មានភាពទាក់ទាញខ្លាំង ។ទន្ទឹមនោះការរៀបចំសណ្ដាប់ធ្នាប់ កន្លែងស្នាក់នៅ សេវាម្ហូបអាហារ មានលក្ខណៈល្អប្រសើរ។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ទេសចរជាតិ និងអន្តរជាតិបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសក្នុងឱកាសឆ្លងឆ្នាំសកលនៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤មានចំនួន ៣ ៥៣៥ ៣២៥នាក់ ក្នុងនោះទេសចរជាតិប្រមាណ ៣ ៤៨៨ ០៦៥ នាក់ និងទេសចរអន្តរ ជាតិប្រមាណ ៤៧ ២៦០នាក់ ៕





ដោយ៖សិលា សារិន