អ៊ុយក្រែន៖ នៅថ្ងៃចូលឆ្នាំសកល រុស្ស៊ីបញ្ជូនDrone១០០គ្រឿង វាយប្រហាររដ្ឋធានីគៀវ

បរទេស៖ រុស្ស៊ីបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ចំនួនជាង១០០គ្រឿង ទៅលើរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃពុធ ១ មករា ដែលជាថ្ងៃចូលឆ្នាំសកល ដោយបានសម្លាប់មនុស្សម្នាក់ របួស ៦នាក់ និងខូចខាតអគារ មួយចំនួន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។

យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬ Drone ចំនួន៦៣គ្រឿង ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន១១១គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះ ពេញមួយយប់ នៅទូទាំងតំបន់ផ្សេងៗ នៃប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទោះបីជាថ្ងៃចូលឆ្នាំសកលក៏ដោយ រុស្ស៊ីនៅតែធ្វើឱ្យអ៊ុយក្រែន ឈឺចាប់។

អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយថា មានការផ្ទុះពាសពេញមេឃ នៅពេលព្រឹកថ្ងៃពុធ ដោយសារតែការវាយប្រហារយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី។ ប្រភពបន្តថា អគារលំនៅដ្ឋានពីរជាន់ត្រូវបានបំផ្លាញ ហើយ សាកសពស្ត្រីម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក។ ធនាគារជាតិនៃអ៊ុយក្រែនបានអះអាងដែរថា អគាររបស់ខ្លួនត្រូវបានខូចខាត ដោយសារកំទេចកំទី ចេញពីយន្តហោះគ្មានមនុស្សបើក។

គួរបញ្ជាក់ថា រុស្សីបានធ្វើការវាយប្រហារតាមអាកាស ជាប្រចាំ ទៅលើទីប្រជុំជន និងទីក្រុងនានារបស់អ៊ុយក្រែន នៅឆ្ងាយពីតំបន់ជួរមុខ នៃការលុកលុយ ជិតបីឆ្នាំរបស់ខ្លួន៕

ប្រភព៖ CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner