គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារសាងសង់បាន ១៦%ហើយ
(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១៦ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

បច្ចុប្បន្នការងារសម្រេចបាន៖ ១.)ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤០,៣៨% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៣ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២.)រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ ធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ បន្ថែមពីនេះដែរ នៅដើមឆ្នាំ២០២៥ ក្រុមការងារកំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេបាសាក់ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៤២ខែ៕
ដោយ ៖ ង៉ាន់ ទិត្យ




