រដ្ឋមន្ត្រីការបរទេស កោតសរសើរការរួមចំណែករបស់សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានសម្តែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបក្នុងការរួមចំណែកយ៉ាងសំខាន់ ដល់ការ​អភិវឌ្ឍ​របស់កម្ពុជា ក្នុងអំឡុងពេលនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគូសបញ្ជាក់​ពីការ​ប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុបក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងៗដូចជា ការកាត់ បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើក​កម្ពស់ សង្គមប្រកបដោយបរិយាបន្ននិងវិបុលភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប ជាពិសេសតាមរយៈការ ប្រាស្រ័យទាក់ទងដ៏សកម្មជាមួយ​ស្ថាប័ននានារបស់កម្ពុជា និងបានសម្តែងនូវអំណរគុណដ៏ស្មោះ ដល់សហ​ភាពអឺរ៉ុបដែលបានបន្ស៊ីយុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយនឹងអាទិភាពដែលបានកំណត់នៅក្នុង​យុទ្ធ​សាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោត​គោលបំណងឆ្ពោះទៅការសម្រេចនូវកំណើនប្រកបដោយចីរភាព និងបរិយា​បន្ន និងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

អឺរ៉ុប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការប្រាស្រ័យទាក់ទង​កម្រិតខ្ពស់រវាងថ្នាក់ដឹកនាំ កម្ពុជា និងសហភាពអឺរ៉ុប ដូចដែលកើតមាន​ឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានពង្រឹងភាពជាដៃគូ ដោយឈរលើ​ផលប្រយោជន៍ទៅវិញទៅមក ការយោគយល់គ្នា និងការគោរព​គ្នាទៅវិញ​ទៅមក។

លើការផ្លាស់ប្តូរយោបល់ពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ​របស់កម្ពុជា ក្នុងការលើកកម្ពស់នីតិរដ្ឋ ដូចដែលបាន កំណត់នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់​លំហប្រជាធិ- បតេយ្យ​ ដើម្បីផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់​ប្រជាជនកម្ពុជា។

ការពិភាក្សា ក៏បានផ្តោតលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner