ក្រសួងរៀបចំដែនដី ប្រជុំពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ អំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសម្បែងរស់នៅសមរម្យ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំ និងពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាននិងអតិថិជន ដោយស្វះស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការផ្តល់លទ្ធភាពអោយក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មី នឹងផ្តល់អោយអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល ។ ទន្ទឹមនេះក៏ដើម្បីស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាពអោយ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុម ឌ” វិស័យធនាគារនិងហិរញ្ញវត្ថុ នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ បានលើកឡើងថា មុននឹងដើរមកដល់ជំហាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារចំនួន៦ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ហើយយើងអាចដោះស្រាយបញ្ហាដល់កម្រិតមួយដែលអាចនិយាយបានថាយើងបានបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការងារចុះបញ្ជីដីធ្លីមកដល់ពេលនេះបានចុះបញ្ជីដីចំនួន ៣លាន៦សែនក្បាលដី និងនៅសល់ប្រមាណមួយលានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ ។
ចំពោះបញ្ហាជម្លោះដីធ្លីប្រមាណ ២ម៉ឺនករណី តាមរយៈគណៈកម្មការសុរិយោដីនិងអាជ្ញាធរដោះស្រាយវិវាទដីធ្លីគឺបានដោះស្រាយវិវាទដីធ្លីអស់ជាច្រើនករណីដោយនៅសល់ត្រឹមក្រោម១ពាន់ករណីប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ ។ ដោយឡែកបញ្ហាបុរីមាន១០៦ករណី យើងបានដោះស្រាយសម្របសម្រួលបាន ៥៣ ករណីហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងអាចដោះស្រាយបានប្រមាណ ៣០ ករណីបន្ថែមទៀតស្របតាមគោលការណ៍សម្រុះសម្រួលគ្នា ។ ចំពោះការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជនគឺក្រសួងបានដាក់ឲ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញដោយបានភ្ជាប់នៅ២៥រាជធានីខេត្តទូទាំងប្រទេស ។
ទាក់ទិនទៅនឹងឧស្សាហកម្មប្រាក់កម្ចី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឱ្យក្លាយទៅជាឧស្សាហកម្មថេរមួយ បើទោះបីជាវាអាចឡើងចុះតាមការប្រកួតប្រជែងយ៉ាងណាក្តី ប៉ុន្តែនេះជាឧស្សាហកម្មមួយដែលបានបង្កើតការងារផ្ដល់ប្រាក់ចំណូលដល់ប្រជាជនកម្ពុជា ក៏ដូចជាបុគ្គលិកធនាគារ ដូច្នេះការជួបប្រជុំគ្នានាពេលនេះក៏ដើម្បីរួមគ្នាគិតគូរសំដៅធានាឱ្យបានថាសេដ្ឋកិច្ចជាតិនឹងដើរទៅមុខប្រកបដោយនិរន្តរភាពផងដែរ ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានការចូលរួមពី លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាសមាជិក គណៈកម្មការប្រតិបត្តិ នៃសមាគមអ្នកសាងសង់កម្ពុជា លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ ៕
ដោយ / គ្រី សម្បត្តិ








