ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា
ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងៗដូចជា ការកាត់ បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់ សង្គមប្រកបដោយបរិយាបន្ននិងវិបុលភាព។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរ ទេស និងសហប្រតិបត្តិការ អន្តរជាតិ កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបក្នុងការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប ជាពិសេសតាមរយៈការ ប្រាស្រ័យទាក់ទងដ៏សកម្មជាមួយស្ថាប័ននានារបស់កម្ពុជា និងបានសម្តែងនូវអំណរគុណដ៏ស្មោះដល់សហភាពអឺរ៉ុបដែលបានបន្ស៊ីយុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយនឹងអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតគោលបំណងឆ្ពោះទៅការសម្រេចនូវកំណើនប្រកបដោយចីរភាព និងបរិយាបន្ន និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងទំនាក់ទំនងនយោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំ កម្ពុជា និងសហភាពអឺរ៉ុប ដូចដែលកើតមានឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានពង្រឹងភាពជាដៃគូ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។ លើការផ្លាស់ប្តូរយោបល់ពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់នីតិរដ្ឋ ដូចដែលបាន កំណត់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់លំហប្រជាធិ- បតេយ្យ ដើម្បីផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់ប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស