ពិព័រណ៍ម្ហូបអាហារខ្មែរ និងឆ្លងឆ្នាំថ្មីសកល២០២៥ បីថ្ងៃខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរជាង ៣៦ម៉ឺននាក់
(ខេត្តបាត់ដំបង)៖ ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង និងពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំថ្មី២០២៥ នៅខេត្តបាត់ដំបង បានទាក់ទាញភ្ញៀវទេសចរ សរុបជាង ៣៦ម៉ឺននាក់។ នេះបើតាមការលើកឡើង ពីលោក ហម អរុណ អនុប្រធានមន្ទីរ និង ជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខត្តបាត់ដំបង។
ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរ រយៈពេល ៣ថ្ងៃ ព្រមជាមួយ និងការរៀបចំអបអរសាទរនូវពិធីបុណ្យឆ្លងឆ្នាំថ្មីសកល ២០២៤-២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ សរុបចំនួន ៣៦៤ ០៥៥នាក់ ដែលបានមកចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ នៅខេត្តបាត់ដំបង ដែលចំនួននេះ មានការកើនឡើង ២,៩៣% នេះបើធៀបនិងឆ្នាំ២០២៣ កន្លងទៅ ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងទៀតថា៖ កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងនេះគឺ៖ដោយសាររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា រក្សាបាននូវសុខសន្តិភាពយ៉ាងពេញលេញនិងធ្វើឱ្យប្រទេសជាតិ មានកាន់តែមានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋ បាននិងកំពុងតែរស់នៅ ប្រកបដោយភាពសុខដុមរមនាក្រៃលែង ក្រោមម្លប់នៃសន្តិភាព។
ព្រមជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏បានលើកឡើងដោយចាត់ទុកការរៀបចំឲ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះឡើង គឺពិតជាផ្តល់ឱកាសនិងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ក្នុងការផ្សព្វផ្សាយម្ហូបអាហារខ្មែររបស់អ្នបាត់ដំបង និងផលិតផលខ្មែរ ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី របស់ អ្នកខេត្តបាត់ដំបង ផ្ទាល់ផងដែរ។
បងប្អូនប្រជាពលរដ្ឋនិងអាជីវករក៏បានគូសបញ្ជាក់ថា៖ការរៀបចំឲ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយបែបនេះអាចធ្វើទៅបាន ក៏ដោយសារប្រទេសកម្ពុជាយើ ងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបណ្តើរៗ ផងដែរ។
បងប្អូនដែលជាប្រជាពលរដ្ឋនិងអាជីវករ ទាំងនោះក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានរៀបចំឱ្យមាននូវ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះឡើង។ ហើយអ្វីដែលជាសំណូមពរបងប្អូនទាំងនោះ គឺចង់ឱ្យមាននូវព្រឹត្តិការណ៍បែបនេះ នៅឆ្នាំក្រោយៗបន្តបន្ទាប់ទៀត …។
លោក ហម អរុណ អនុប្រធានមន្ទីរ និងជា អ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខត្តបាត់ដំបង ក៏បានថ្លែងដោយសង្កត់ធ្ងន់ទៀតថា៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំឲ្យមាននូវព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរអ្នកបាត់ដំបង រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៩-៣០និង៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ និងលើកកម្ពស់នូវការផ្សព្វផ្សាយ ពីផលិតផលខ្មែរ ក៏ដូចជាបង្កនូវបរិយាកាស បានកម្សាន្ត និងសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផហដែរ ៕./.
( អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប )











