មីយ៉ាន់ម៉ាមានជនភៀសខ្លួនកើនដល់ ៣.៥លាននាក់

បរទេស៖ អង្គការសហប្រជាជាតិបាននិយាយ កាលពីថ្ងៃសុក្រថា មនុស្សជាង៣.៥លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងពី១.៥លាននាក់ ធៀបនឹងឆ្នាំមុន ដោយព្រមានថា វិបត្តិមនុស្សធម៌របស់ប្រទេសនេះ អាចកាន់តែអាក្រក់ទៅៗ។

ចាប់តាំងពីយោធាបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារ ឆ្នាំ ២០២១ ប្រទេសមីយ៉ាន់ម៉ា បានកើតមានការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមជនជាតិភាគតិត និងកងទ័ព។ ក្រុមទាំងនោះបានប្រយុទ្ធប្រឆាំងនឹងយោធា ដើម្បីស្វ័យភាព និងការគ្រប់គ្រងធនធានធម្មជាតិដែលអាចរកកម្រៃបាន។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ OCHA បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជម្លោះនេះ បានរីករាលដាលពីតំបន់ព្រំដែន ទៅកាន់តំបន់ភាគច្រើន នៅទូទាំងប្រទេស ដោយបង្ខំឱ្យមនុស្សរត់ចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកសុវត្ថិភាព និងបំពេញតម្រូវការជាមូលដ្ឋានរបស់ពួកគេ។

OCHA បាននិយាយថា គិតត្រឹមថ្ងៃទី ១៦ ខែធ្នូ «គេប៉ាន់ប្រមាណថា មនុស្សជាង ៣.៥លាននាក់ – ច្រើនជាង ៦% នៃចំនួនប្រជាជន សរុប៥៧លាននាក់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះ ត្រូវបានផ្លាស់ទីលំនៅ ហើយប្រហែលមួយភាគបី នៃពួកគេ គឺជាកុមារ»។

ទីភ្នាក់ងារនេះបាននិយាយថា ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ក៏មានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា មានទាំងការវាយប្រហារតាមអាកាស យន្តហោះគ្មានមនុស្សបើក ការបាញ់ផ្លោងកាំភ្លើងធំ ការវាយឆ្មក់ និង ការចាប់ខ្លួន តាមអំពើចិត្ត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner