“ខួប៥ឆ្នាំ” វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅភូមិភាគពាយ័ព្យ
(ខេត្តបាត់ដំបង)៖ វិទ្យាស្ថានខុងជឺ (NUBB) បាននិងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស”ផ្នែកភាសាចិន” និងឱកាសសម្រាប់ស្វែងរកការងារដល់សិស្ស-និស្សិត ដែលទទួលជោគជ័យលើផ្នែកភាសាចិន នៅភូមិភាគពាយ័ព្យ ពិសេសក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង និងជា សហប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង(ភាគីកម្ពុជា)បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង កន្លងទៅនេះ។
ឯកឧត្តម សុខ ឃន បានលើកឡើងថា៖ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកជំនាញភាសាចិន នៅក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ដល់សិស្សានុសិស្ស និងនិស្សិត សរុបចំនួន ជាង ១ម៉ឺននាក់ ។ ថែមទាំងបានពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាពរវាង កម្ពុជា និង ចិន ដែលធ្លាប់មានទំនាក់ទំនងល្អ និងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានបង្ហាញពីមោទនភាព ចំពោះខេត្តបាត់ដំបង និង បណ្តាខេត្តជុំវិញបឹងទន្លេសាប ដែលមានវិទ្យាស្ថានខុងជឺនេះបង្កើតឡើង ពិតជាដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ៕
( អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប )













