ព្រះបាឡាត់គណខេត្តសៀមរាប ជំរុញសមណសិស្សអប់រំចំណេះដឹងសម្រាប់អនាគត
(សៀមរាប)៖ ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានដឹកនាំពុទ្ធបរិស័ទ សួរសុខទុក្ខ និងប្រគេនទេយ្យទានដល់សមណសិស្ស នៅសាលាពុទ្ធិកបឋមសិក្សា វត្តចន្ទីភូមិថ្មី ស្ថិតនៅឃុំតាអាន ស្រុកក្រឡាញ់ និងសាលាពុទ្ធិកបឋមសិក្សាវត្តយាង ស្ថិតនៅឃុំយាង ស្រុកពួក ខេត្តសៀមរាប ។
ព្រះសាសនសត្ថា តង់ តន បានជំរុញដល់សមណសិស្សឲ្យស្រឡាញ់ការសិក្សា ព្យាយាមខំប្រឹងរៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សមានសក្តានុពល។ ព្រះអង្គបានដាក់សំខាន់លើការអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ ដើម្បីបណ្តុះបណ្តាលសមណសិស្សឲ្យមានជោគជ័យក្នុងការសិក្សា ។
ក្របខណ្ឌសិក្សា នៅសាលាវត្តចន្ទីភូមិថ្មី មានសមណសិស្សចំនួន ៣៣អង្គ ដឹកនាំដោយគ្រូបង្រៀន ២អង្គ។ សាលាវត្តយាង មានសមណសិស្ស ៣២អង្គ និងសិស្សសាមញ្ញ ៧នាក់ (ស្រី ២នាក់) ដឹកនាំដោយគ្រូបង្រៀន ៧អង្គ។
ព្រះសាសនសត្ថា និងពុទ្ធបរិស័ទបានប្រគេនទេយ្យទានដល់សមណសិស្សសរុបចំនួន ៧២អង្គ/នាក់ និងលោកគ្រូ ៩អង្គ/នាក់។ ក្តីសប្បុរសនេះមានការចូលរួមពីគណៈកម្មការវត្ត និងបរិស័ទចំនួន ៣០នាក់ដែលទទួលបានសម្ភារៈប្រើប្រាស់ និងថវិកាផងដែរ ៕
ដោយ ៖ ប៊ុនរដ្ឋា







