ហាណូយក្លាយជាទីក្រុងបំពុលខ្លាំងបំផុត ក្នុងពិភពលោក
បាងកក ៖ កាសែត បាងកកប៉ុស្តិ៍ បានចេញផ្សាយ កាលពីថ្ងៃសុក្រថា រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ហក់ឡើងដល់ចំណុលកំពូលនៃបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុត របស់ពិភពលោក។
កម្រិតនៃភាគល្អិតតូចៗគ្រោះថ្នាក់ ដែលគេស្គាល់ថា PM2.5 ត្រូវបានវាស់ នៅកម្រិត ២២៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃសុក្រ ខ្ពស់បំផុត ក្នុងចំណោមបញ្ជីទីក្រុងដែលបំពុលច្រើនបំផុត នេះបើយោងតាមក្រុមហ៊ុន AirVisual ដែលផ្តល់ព័ត៌មានជុំវិញការបំពុលបរិយាកាសសកល ដោយឯករាជ្យតាមរយៈ កម្មវិធីទូរស័ព្ទ។
លោក Luu Minh Duc អាយុ ៦៤ ឆ្នាំជាអ្នករស់នៅក្នុងទីក្រុងបាននិយាយថា «យើងមនុស្សចាស់អាចមានអារម្មណ៍យ៉ាងច្បាស់នៅពេលដែលយើងទទួលរងពីបញ្ហាផ្លូវដង្ហើម ដែលនាំឱ្យពិបាកដកដង្ហើម…ស្ថានភាពហាក់ដូចជាកាន់តែអាក្រក់នាពេលថ្មីៗនេះ។
ប្រទេសវៀតណាម បានរាយការណ៍ពីការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងធំៗរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេស នៅទីក្រុងហាណូយ។ ផ្សែងអ័ព្ទដ៏ក្រាស់នេះ ភាគច្រើនបណ្តាលមកពី ការធ្វើចរាចរណ៍ខ្លាំង, ការដុតសំរាម និងសកម្មភាពឧស្សាហកម្ម។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាម បាននិយាយថា ខ្លួននឹងជំរុញឱ្យមានរថយន្តអគ្គិសនី ឬ EV បន្ថែមទៀត ដើម្បីកាត់បន្ថយបញ្ហានេះ៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត